ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​ជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន​ ជីប ម៉ុង ពេញ​ចិត្ត​ និង​គាំទ្រ​ចំពោះ​ការ​រួម​ចំណែក​ជា​ថវិកា​​៥០​ម៉ឺនដុល្លាររបស់ ជីប ម៉ុង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ទប់​​ស្កាត់ការចម្លង​​នៃវីរុស​កូវីដ ១៩។

នាយិការទីផ្សារនៃ​ក្រុមហ៊ុន​ផលិត ​​ស្រាបៀរ កម្ពុជា​ មួយ​នេះ លោកស្រី គង់ កុសល ថ្លែង​ថា​៖ «ក្រុមហ៊ុនផលិត​ ស្រាបៀរ កម្ពុជា តែង​មាន​ទំនួលខុសត្រូវខ្ពស់ចំពោះ​សង្គម។ ការ​បរិច្ចាគរបស់ក្រុមហ៊ុន​ ជីប ម៉ុង ក្នុង​ការទប់​ស្កាត់​វីរុស​កូវីដ ១៩នេះ​ ធ្វើ​ឲ្យ​យើងមានមោទកភាព និង​គាំទ្រពេញ​ទំហឹង។ យើង​​រំពឹងថា ការ​ចូលរួម​វិភាគទាន​នេះ​ផ្តល់ផលវិជ្ជមានចំពោះស្ថានការណ៍បច្ចុប្បន្ន»។

លោកស្រី​ក៏​សំណូមពរ​ប្រជាពលរដ្ឋ​កម្ពុជា និង​ក្រសួងពាក់ព័ន្ធទាំងអស់ សូមជួយលើកទឹកចិត្តគ្នាទៅវិញទៅមក និង​ត្រូវមានជំនឿចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធគ្រប់ផ្នែក និង​ចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការចម្លង​វីរុសកូវីដ ១៩​នេះតាម​គ្រប់រូបភាព ដែលក្រសួងស្ថាប័នមានសមត្ថកិច្ចបានណែនាំយ៉ាងខ្ជាប់ខ្ជួន៕