ខេត្តរតនគិរី៖ ដំរីឈ្មោលចុះប្រេងមួយក្បាល បានចាប់បោកក្មេងប្រុសម្នាក់ផ្ទុបគល់ឈើ បណ្ដាលឲ្យរបួសធ្ងន់ មិនអាចជួយសង្គ្រោះបាន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១១នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះនៅចំណុចភ្នំក្រូច ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់។

ក្មេងរងគ្រោះ ឈ្មោះ ហៀក ជៀវ អាយុ១០ឆ្នាំ ជនជាតិព្រៅ ជាសិស្សសាលា មានទីលំនៅកន្លែងកើតហេតុខាងលើ។
មន្រ្តីនគរបាលប៉ស្តិ៍ល្បាំង២ ប្រាប់ឲ្យដឹងថា ដំរីឈ្មោលចុះប្រេងនោះឈ្មោះ ប៉ុក ម៉ាយ អាយុ៣២ឆ្នាំ មានម្ចាស់ឈ្មោះ ខៃ ចិន្តា ជាម្ចាស់សណ្ឋាគារទែរូ នៅក្រុងបានលុង ។ រីឯហ្មរដំរីឈ្មោះ ប៊ុន រឿង ផ្លាល អាយុ៣១ឆ្នាំ ជនជាតិព្រៅ ក្រោយដឹងថាក្មេងរងគ្រោះស្លាប់ បានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំល្បាំង២ ចុះទៅដល់ ប៉ុន្តែក្មេងនោះត្រូវហ្មរដំរីដឹកទៅមន្ទីរពេទ្យ ដើម្បីង្រ្គោះដែរ តែដោយរបួសធ្ងន់ពេក មិនអាចជួយសង្គ្រោះអាយុជីវិតបាន។

អាជ្ញាធរស្រុកលំផាត់ បានឲ្យដឹងថា ដំរីឈ្មោលខាងលើ កន្លងមកធ្លាប់ចុះប្រេងម្តងរួចមកហើយ, រហូតដល់ថ្ងៃនេះ ដំរីឈ្មោលនេះ ចុះប្រេងម្តងទៀត ដោយមានភាពកាចសាហាវ សូម្បីតែហ្មរដំរី ជាអ្នកមើលថែទាំរាល់ថ្ងៃ ក៍ដំរីនេះមិនស្តាប់តាមបញ្ជាដូនមុនទៀតដែរ ហើយបានចាប់បោកក្មេងសិស្សសាលាម្នាក់ផ្ទុបគល់ឈើ បណ្ដាលឲ្យបណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មបែបនេះ។
ក្រោយធ្វើកំណត់ហេតុរួច សពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណីបងប្អូនជាតិ៕