ភ្នំពេញ ៖ បុរសម្នាក់ ប្រពន្ធរត់ចោលទៅប្រុសថ្មី បែរជាគិតខ្លីបានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេច ព្រោះខ្លួនចេះហែលទឹកស្ទាត់។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នំា២០២០ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បុរសដែលតូចចិត្តនឹងប្រពន្ធមានប្រុសថ្មី មកលោតទឹកសម្លាប់ខ្លួននោះ ឈ្មោះ សុផល អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើដើរលើស្ពានជ្រោយចង្វាពីទិសខាងលិចឆ្ពោះមកខាងកើត ខណៈមកដល់ពាក់កណ្ដាលស្ពាន ក៏បានឡើងទៅលើបង្កាន់ដៃស្ពាន រួចលោតចូលទៅក្នុងទឹក លិចមួយសន្ទុះ ស្រាប់តែអណ្ដែតឡើងវិញ ដោយសារតែគាត់ចេះហែលទឹក រួចព្យាយាមហែលមកតោងសសរស្ពាន។ ភ្លាមៗនោះដែរ សមត្ថកិច្ចយាមប្រចាំគោលដៅចេញអូប័ រជួយស្រង់ឡើងគោក ហើយប្រជាពរដ្ឋបានជួយធ្វើចលនារហូតបានស្រួលខ្លួនឡើងវិញ។

មូលហេតុដែលគាត់ គិតខ្លីបែបនេះ ដោយមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ គឺប្រពន្ធបានលែងលះជាមួយគាត់ទៅមានប្រុសថ្មី ទុកឲ្យខ្លួនគាត់ក្លាយជាប្រុសពោះម៉ាយ ទើបបាក់ទឹកចិត្តសម្រេចចិត្តធ្វើបែបនេះ។

ចុងក្រោយ បុរសរងគ្រោះបានព្រមឡើងជិះម៉ូតូកង់បីត្រឡប់ទៅផ្ទះវិញបាត់ទៅ ក្រោយពីសមត្ថកិច្ចបានអប់រំណែនាំកុំឲ្យគិតខ្លីបែបនេះ ៕