ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យម្នាក់ក្លែងខ្លួនជាឧត្តមសេនីយ៍ត្រីនគរបាលជាតិ និងកាន់កាប់អាវុធខុសច្បាប់ ទៅឆបោកប្រាក់ស្រ្តីរងគ្រោះម្នាក់ជាង១០ម៉ឺនដុល្លារ និងកាន់កាប់អាវុធខុសច្បាប់ បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១៦៣ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស៊ើបការណ៍ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ហើយនាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធចំនួន២បទល្មើស ដាច់ដោយឡែកពីគ្នា ៖ ទី១.បទល្មើស រំលោភលើទំនុកចិត្ត នូវទឹកប្រាក់ប្រមាណ១០៥ ០០០ ដុល្លារអាមេរិក និងបទល្មើសទី២.ប្រើប្រាស់អាវុធដោយខុសច្បាប់ និងក្លែងជាឧត្តមសេនីយ៍ត្រីនគរបាលជាតិ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ហ៊ុន ចាន់ថុល ភេទស្រី អាយុ៣៨ឆ្នាំ បានប្តឹងចោទប្រកាន់ជនសង្ស័យថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា ដែលជាអ្នកធ្លាប់ស្គាល់គ្នា បានទៅនិយាយលួងលោមគាត់ដល់ផ្ទះ នៅផ្លូវ៣៣៥ ភូមិចម្រើនផល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ឲ្យរកប្រាក់ចំនួន១០៥ ០០០ដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការរកស៊ីរបស់ខ្លួន ដោយជនសង្ស័យបានធានាអះអាងថា ក្នុងរយៈពេល១ខែ និងបង្វិលប្រាក់ឲ្យវិញគ្រប់ចំនួនវិញ ។ លុះដល់ថ្ងៃកំណត់ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា បានព្យាយាមគេចវេះមិនទទួលខុសត្រូវ ថែមទាំងបិទទូរស័ព្ទ ផ្ដាច់ការទាក់ទងជាមួយគាត់ថែមទៀតផង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយដាក់ពាក្យបណ្ដឹង ជនរងគ្រោះបានរកវិធីអន្ទងជនសង្ស័យ ឲ្យមកផ្ទះរបស់ខ្លួន ដើម្បីជជែកគ្នារឿងប្រាក់ជាង១០ម៉ឺនដុល្លារនោះ រួចចាប់ទុកប្រគល់ឲ្យសមត្ថកិច្ចជំនាញ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ តែម្តង ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចការិយាល័យជំនាញ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ ទើបដឹងថា ជនសង្ស័យឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា នេះ បានប្រព្រឹត្តបទល្មើសជាក់ស្តែងមួយទៀត គឺប្រើប្រាស់អាវុធដោយខុសច្បាប់ និងក្លែងឋានៈតួនាទីជាឧត្តមសេនីយ៍ត្រីនគរបាលជាតិ ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាប្រើប្រាស់ក្លែងឯកសណ្ឋាន នោងឋានៈតួនាទីជាឧត្តមសេនីយ៍ត្រី ក្នុងក្រមខណ្ឌនគរបាលជាតិ តាំងពីអំឡុងឆ្នាំ២០១៦មកម្ល៉េះ ដោយបានចម្លងអត្តសញ្ញាណបណ្ណនគរបាលជាតិ និងទំរង់ទាំងអស់ តាមហ្វេសប៊ុក ដែលឃើញគេបង្ហោះ ។ ចំណែកឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ខ្លួនបានទិញពីផ្សារមកពាក់ និងអាវុធខ្លីមួយដើម គឺមានមិត្តភក្តិធ្វើជាកងអង្គរក្ស ជាអ្នកផ្តល់ឲ្យ ៕