ភ្នំពេញ៖ ស្រ្តីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានលោតសម្លាប់ខ្លួនពីលើអគារកំពុងសាងសង់ជាន់ទី៣ នៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី១៨ កុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនរងគ្រោះឈ្មោះ សូ ស្រីលក្ខ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

ស្រ្តីរងគ្រោះបានលែងលះគ្នាជាមួយប្ដីរយ:ពេល៥ឆ្នាំមកហើយ រស់នៅជាមួយកូនប្រុសកំព្រា២នាក់ ស្នាក់នៅផ្ទះជួល ក្នុងជីវភាពខ្វះខាតខ្លាំងមែនទែន រហូតមានវិបត្តិផ្លូវចិត្ត បានលោតសម្លាប់ខ្លួនពីលើអគារកំពុងសាងសង់ជាន់ទី៣ បណ្ដាលស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ហើ់យពេលឃើញសាកសពម្ដាយភ្លាម កូនប្រុសទាំង២នាក់ ដែលម្នាក់ទើបតែមានអាយុ៥ឆ្នាំ និងម្នាក់ទៀត អាយុ១០ឆ្នាំ បានស្រែកទ្រហោយំ ស្រណោះអាឡោះអាល័យ មើលទៅគួរឲ្យខ្លោចចិត្តបំផុត។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលោតសម្លាប់ខ្លួនពីលើអគារកំពុងសាងសង់ជាន់ទី៣ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងបានប្រគល់ជូនក្រុមគ្រូសារយកធ្វើបុណ្យនៅវត្តចាក់អង្រែក្រោម៕