ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ បានទៅអង្គុយព័ទ្ធវង់ផឹកស៊ីជាមួយបនភឿនស្រវឹងធ្លាក់ភ្នែក លុះពេលត្រឡប់មកដល់ផ្ទះបានរករឿងជាមួយប្រពន្ធកូន រហូតផ្ទុះកំហឹងយកដែកកេះដុតផ្ទះខ្លួនឯងឆេះយ៉ាងសន្ធោសន្ធៅក្លាយជាផេះផង់ ប្រពន្ធកូនគ្មានកន្លែងជ្រកកោន។
ករណីបុរសប្រមឹកដុតបំផ្លាញផ្ទះខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិ៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំ ។

ជនឡប់ខួរដែលដុតផ្ទះខ្លួនឯងចោល បណ្តាលឲ្យប្រពន្ធកូនគ្មានកន្លែងជ្រកកោននេះ មានឈ្មោះ អឹម សុឌី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់បានទៅផឹកស្រាឡើងស្រវឹងជោកជាំ លុះពេលមកដល់ផ្ទះ បានឈ្លោះប្រកែកជាមួយប្រពន្ធកូន រួចយកដែកកេះ ដុតបំផ្លាញផ្ទះខ្លួនឯង ដែលមានទំហំ៥ ម៉ែត្រ គុណនឹង៦ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនដៃដល់នាំមកធ្វើការសាកសួរ ប៉ុន្តែដែលហួសចិត្តនោះ ពេលមកដល់ប៉ុស្តិ៍ប៉ូលិសសោះ ជនបង្កនៅតែមានទឹកមុខញញឹមស្រស់ ហាក់បីដូចជាគ្មានស្តាយស្រណោះផ្ទះអ្វីបនិ្តច ៕