ភ្នំពេញ៖​ ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិត នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា កុំថាឡើយមិនមានអ្នកទេសចរ លើនាវា Westerdam ផ្ទុកវីរុស COVID-19 តែបើទោះបីជាដឹងថា មានអ្នកផ្ទុកក៏ដោយ ក៏កម្ពុជា នៅតែអនុញ្ញាតឲ្យចូលចតដែរ ហើយឲ្យចូលចតកាន់តែលឿនថែមទៅទៀត ដើម្បីយកអ្នកផ្ទុកវីរុសនោះ មកព្យាបាល ចៀសវាងទុកឲ្យមានការរាលដាលកាន់តែខ្លាំងនៅលើនាវា ដូចករណីនៅជប៉ុន។

សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«ចុះបើពេលនោះ មានកើតវីរុសកូរ៉ូណា៤-៥ករណី តើអ្នកឯងឲ្យចូលឬអត់? ខ្ញុំ នឹងឲ្យចូល ហើយឲ្យចូលលឿនបំផុត។ ហេតុអ្វីបានត្រូវធ្វើដូច្នេះ? ត្រូវតែខិតខំយកអ្នកមានជំងឺនេះឡើងដីគោក ដើម្បីទទូលបានការព្យាបាល កុំឲ្យរីករាលដាលនៅលើកប៉ាល់នុ៎ងទៀត។  នេះជាគោលជំហរឥតប្រែប្រួលរបស់ខ្ញុំ ពិតថាមិនរឿងនេះវាអត់កើតទេ»។

មេដឹកនាំកម្ពុជា បន្តថា៖«ខ្ញុំ យកការទទួលខុសត្រូវ ក្នុងឋានៈជាអ្នកអនុវត្តនូវគោលការណ៍មនុស្សធម៌មួយ ចំពោះពលរដ្ឋនៃប្រទេសដទៃ ដែលយើង ជាសមាជិកនៃអង្គការសហប្រជាជាតិ ជាសមាជិកនៃអង្គសុខភាពពិភពលោក និងជាបណ្តាញនៃការទទួលខុសត្រូវ» ៕