រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ជាមុខសញ្ញាដាក់ថ្នាំសណ្តំយកម៉ូតូពលរដ្ឋ ពេលកន្លងមក ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង ១០ និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភោជនីយដ្ឋានភូមិគ្រឹះទន្លេ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យដែលសមត្ថកិច្ច ធ្វើការចាប់ខ្លួននេះ ឈ្មោះ ពេជ្រ លាប ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ចំណែកស្រ្តីសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះទេ។ ចំណែក ជនរងគ្រោះឈ្មោះវង្ស សុដានីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះ បានរៀបរាប់បានឲ្យដឹងថា នាងទើបតែស្គាល់ជនសង្ស័យបាន៤-៥ថ្ងៃប៉ុណ្ណោះ គឺនៅល្ងាចថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងហាងផឹកស៊ីមួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់/ខណ្ឌដង្កោ។ ពេលនោះ ជនសង្ស័យបានលាយគ្រាប់ជីឲ្យខ្លួនផឹក រួចក៏មានអាការទន់ដៃទន់ជើងខុសធម្មតា ហើយក៏សន្លប់បាត់បង់ស្មារតីតែម្ដង។ លុះពេលដឹងខ្លួនឡើង នាងនៅក្នុងបន្ទប់ផ្ទះសំណាក់។

ប្រភពបន្តថា ពេលដឹងខ្លួនឡើង នាងបាត់កាបូបលុយ ទូរស័ព្ទដៃ និងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ តាកែវ 1V-3586 ។ បន្ទាប់មក នាងបានធ្វើដំណើរទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានពាក់បណ្តឹងរបស់នាងរងគ្រោះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតចាប់ខ្លួនជនសង្ស័យទាំង២នាក់ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕