ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ មន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងមានប្រភពច្បាស់លាស់ ការផ្សាយព័ត៌មានពិត វានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានអស់ពីទណ្ឌកម្មផ្លូវច្បាប់។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ដល់បណ្តាអ្នកសារព័ត៌មាន ដែលកំពុងបម្រើការងារផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ជិត៣០០នាក់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា៖ «ក្រមសីលធម៌មានសារសំខាន់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុងបាឡុង ទី១៖ រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែត ដែលបង្ហាញថាយើងមានវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ ទី២៖ វាបានបង្ហាញពីការផ្តល់តម្លៃ ទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា»។

លោក ខៀវ កាញារីទ្ធ បានបន្តថា ការប្រើប្រាស់ភាសាថ្លៃថ្នូរ និងការរក្សាភាពថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ ជាពិសេសបានបង្ហាញឱ្យដឹងពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាដើម៕