ភ្នំពេញ៖ ការសិក្សាថ្មីមួយធ្វើឡើងដោយផ្អែកលើទិន្នន័យប្រមូលពីអ្នកជំងឺជាង១ពាន់នាក់ ដែលឆ្លងមេរោគនូវែលកូរ៉ូណាក្នុងប្រទេសចិន រកឃើញថា មេរោគថ្មីនេះអាចសម្ងំក្នុងខ្លួនមនុស្សរហូតដល់២៤ថ្ងៃ មុនពេលវាបង្កឱ្យអ្នកឆ្លងចេញជារោគសញ្ញា។ រយៈពេលនេះ គឺយូរជាងជិត២ដង ធៀបនឹងការអះអាងកន្លងមកដែលគេជឿថា មាន១៤​ថ្ងៃ។

របាយការណ៍ពីកាសែត Straits Times ឱ្យដឹងថា ការសិក្សានេះ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវប្រមាណ៤០នាក់មកពីសាលាពេទ្យ និងមន្ទីរពេទ្យចិន ដឹកនាំដោយវេជ្ជបណ្ឌិត Zhong Nanshan ឯកទេសខាងរោគរាតត្បាត ដែលធ្លាប់បានរកឃើញមេរោគសារក្នុងឆ្នាំ២០០៣។

ការសិក្សាដដែលអះអាងថា ការកំណត់ពេលត្រឹម២សប្តាហ៍កន្លងមក គឺធ្វើឡើងដោយខ្វះចន្លោះ ដែលនាំឱ្យអ្នកឆ្លងមួយចំនួនធំមិនត្រូវបានរកឃើញ ហើយនាំឱ្យពួកគេមានឱកាសចម្លងទៅអ្នកដទៃដោយមិនដឹងខ្លួន។

ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោមសំណាកអ្នកជំងឺជាង១ពាន់នាក់ នៅមន្ទីរពេទ្យចំនួន៥៥២ ក្នុងខេត្តចិនចំនួន៣១ គេរកឃើញដំបូង អ្នកមា​នអា​កា​រៈ​​ផ្តាសាយលេចឡើង មានតែ ៤៣.៨ភាគរយប៉ុណ្ណោះ ប៉ុន្តែក្រោយមក តួលេខនេះបានកើនដល់ ៨៧.៩ភាគរយ។

ក្រុមអ្នកស្រាវជ្រាវលើកឡើងថា មេរោគកូរ៉ូណាថ្មីនេះអាចសម្ងំក្នុងខ្លួនមនុស្សយូរជាងមេរោគសារ (SARs) និងមឺសរ៍ (Mers) មុ​នពេលវាបង្កជារោគសញ្ញាឡើងកម្តៅ ឬផ្តាសាយ ដែលធ្វើឱ្យការពិនិត្យរកករណីឆ្លងធ្វើឡើងតាមការស្ទង់កម្តៅ អាចទទួលបានលទ្ធផលខុស។

កាលពីថ្ងៃម្សិលមិញ ប្រធានអង្គការសុខភាពពិភពលោក បានលើកពីក្ដីបារម្ភជាថ្មីទៀតលើលទ្ធភាពរាលដាលនៃមេរោ​គនូវែលកូរ៉ូណាក្នុងប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយ ហើយមិនបានត្រៀមទប់ស្កាត់បានល្អ ខណៈចំនួនឆ្លងពីមនុស្សទៅមនុស្សត្រូវបានរកឃើញកាន់តែច្រើន។

ប្រធានអង្គការសុខភាពអន្តរជាតិមួយនេះ គឺលោក Tedros Adhanom លើកឡើងអំឡុងសន្និសីទកាសែត នៅក្រុងហ្សឺណែវ ថ្ងៃម្សិលមិញថា៖ «ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងឃើញកើតមានករណីឆ្លងលើមនុស្សដែលមិនធ្លាប់ទៅកាន់ប្រទេសចិនទា​ល់​តែសោះ ដូចជាគេរកឃើញ១ករណី នៅប្រទេសបារាំងថ្ងៃម្សិលមិញ និង១ករណី នៅអង់គ្លេសថ្ងៃនេះជាដើម។ ករណីរកឃើ​ញក្នុងចំ​នួ​នតូចនេះ អាចជាដើមហេតុនាំឱ្យមានការរាតត្បាតកាន់តែធំបាន»។

លោកបន្ថែមថា ប្រទេសគ្មានសមត្ថភាពវិនិច្ឆ័យរោគសញ្ញាឆ្លងច្បាស់លាស់ នឹង​មិនអាចដឹងថា មេរោគរាតត្បាតដល់ណា ហើយអ្នកណាមានផ្ទុក ឬមិនផ្ទុកនោះទេ។

ក្រុមអ្នកស្រាវជ្រាវសុខភាពសាធារណៈនៃសកលវិទ្យាល័យ Harvard លើកឡើងក្នុងការសិក្សារបស់ពួកគេថា ប្រទេសអាស៊ា​នមួយចំនួនដូចជា ឥណ្ឌូនេស៊ី កម្ពុជា និងថៃ អាចប្រឈមនឹងការរាតត្បាត ដោយសារមិនអាចរកឃើញករណីឆ្លងពិតប្រាក​ដក្នុងប្រ​ទេសខ្លួន ៕