រាជធានីភ្នំពេញ៖ ប្រសិនបើលោកអ្នកបានទិញទូរសព្ទនាពេលថ្មីៗនេះ លោកអ្នកប្រហែលជាមានការកត់សម្គាល់ហើយថា ទូរសព្ទរបស់លោកអ្នកអាចបញ្ចូលថ្មបានលឿនជាងមុន នោះគឺដោយសារការវិវឌ្ឍនៃបច្ចេកវិទ្យាក្នុងការបញ្ចូលថ្មដែលមានដូចជា Quick Charge, Pump Express និង USB Power Delivery (USB PD) ដោយឡែកបច្ចេកវិទ្យា USB PD ត្រូវបានយកមកប្រើប្រាស់ច្រើនជាងគេមិនត្រឹមតែសម្រាប់ទូរសព្ទ ថែមទាំងសម្រាប់កុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត។

បើតាម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីដំបូងបច្ចេកវិទ្យា USB ត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនទិន្នន័យ និងផ្ដល់កម្លាំងចរន្តបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ USB PD អាចផ្ដល់កម្លាំងចរន្តខ្លាំង និងបន្ថែមមុខងារថ្មីៗមួយចំនួនដូចជា៖

– ផ្ដល់កម្លាំងចរន្តដល់ទៅ 100W (វ៉ាត់) ដែលអាចប្រើជាមួយកុំព្យូទ័រ, monitor, hard drive, printer ជាដើម។
– អាចបញ្ចូលថ្មទូរសព្ទលឿនជាងរហូតដល់៧០% បើប្រៀបធៀបទៅនឹងឆ្នាំងសាកធម្មតា (5W)។
– ឆ្នាំងសាក PD មួយអាចប្រើសម្រាប់បញ្ចូលថ្មឧបករណ៍ជាច្រើន ព្រោះតែឆ្នាំងសាក PD អាចផ្លាស់ប្ដូរទិន្នន័យជាមួយឧបករណ៍ដែលកំពុងភ្ជាប់ ហើយផ្ដល់ត្រឹមតែកម្លាំងចរន្តដែលឧបករណ៍នោះត្រូវការ។
– PD ឧបករណ៍អាចប្រើកន្លែងភ្ជាប់តែមួយដើម្បីទទួលកម្លាំងចរន្ត ឬផ្ដល់កម្លាំងចរន្តក៏បាន។

ដើម្បីប្រើបច្ចេកវិទ្យា Power Delivery លោកអ្នកត្រូវមាន ឧបករណ៍ដែលមានបច្ចេកវិទ្យា PD, ឆ្នាំងសាក PD និងខ្សែ USB-C។ ដោយហេតុតែឆ្នាំងសាក PD អាចផ្ដល់កម្លាំងចរន្តខ្លាំង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំអ្នកប្រើប្រាស់ទាំងអស់ជៀសវាង ប្រើឆ្នាំងសាក ឬខ្សែ USB-C ក្លែងក្លាយ ដែលអាចធ្វើឱ្យខូចឧបករណ៍របស់លោកអ្នក៕