ខេត្តសៀមរាប៖ សិស្សសាលាវិទ្យាល័យ ហ៊ុន សែន ស្វាយធំចំនួន ៥៥នាក់ ដែលមានអាការៈឈឺក្បាល ហៀរទឹកភ្នែក និងរកក្អួត កាលពីម្សិលមិញនោះ គិតត្រឹមរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ ពួកគេបានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីបានធូរស្បើយ ។ ពេលនេះនៅសល់តែចំនួន ៧នាក់ទៀត (ស្រីទាំងអស់) ប៉ុណ្ណោះ ដែលបន្តសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំកណ្តែក។

កាលពីនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ សិស្សថ្នាក់ទី៧ នៃសាលាវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ប្រមាណ ៥៥នាក់ ស្រី៣២នាក់ បានកើតអាការៈ ឈឺក្បាល ហៀរទឹកភ្នែក និងរកក្អួត។
ក្រោយពេលកើតហេតុ អភិបាលស្រុក បានដឹកនាំក្រុមការងារ រួមមាន លោកមេឃុំ ក្រុមប្រឹក្សាឃុំកណ្តែក និងកម្លាំងនគរបាល ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ និងជូនក្មួយៗ សិស្សានុសិស្សទៅមណ្ឌលសុខភាព ដើម្បីពិនិត្យ និងព្យាបាល និងបានចាត់តាំងក្រុមការងារពិនិត្យស្រាវជ្រាវ រួមទាំងពិនិត្យលើគុណភាពចំណីអាហារដែលមានលក់នៅបរិវេណសាលាផងដែរ។


បើតាមលោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង លោកអធិការ មូលហេតុបណ្តាលឲ្យមានហេតុការណ៍នេះ គឺបណ្តាលមកពីការដុតសំរាមក្បែរសាលារៀន៕