ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបមកហើយថា ឃាតករឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ ជាមន្រ្តីកងរាជអាវុធហត្ថ ពាក់ស័ក្កិ៤ដែលបាញ់សម្លាប់ DJ​​ ចាក់ភ្លេងនៅក្លឹបកម្សាន្ដ ឈ្មោះ ហូ មិនា រួចគេចខ្លួនបាត់ រហូតដល់សព្វថ្ងៃសមត្ថកិច្ចមិនទាន់ចាប់ខ្លួនបានផងនោះ ពេលនេះបងស្រីរបស់ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនជាមួយនឹងគ្រឿងញៀន​ជិត​១​គីឡូក្រាម កាលពី​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​តាម​ផ្លូវ​សាធារណៈ ស្ថិត​ក្នុងភូមិ​អូ​ឌឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​​ឈ្មោះ ដួង រស្មី​ច័ន្ទ ភេទ​ស្រី (​ស្លៀកពាក់ និង​តែង​តួ​ធ្វើ​ប្រុស​) អាយុ​២៨​ឆ្នាំ​ជន មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ។​ វត្ថុ​តាង​ចាប់​យក៖​ ​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ប្រមាណ​៩៨៦.៦៧ ក្រាម (​ជិត​១​គីឡូក្រាម​), ជញ្ជីងថ្លឹង១ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី។

ចំណែកជនសង្ស័យជាប្អូន នឹងជាឃាតករឈ្មោះ ដួង មុនីរដ្ឋ ជាមន្រ្តីកងរាជអាវុធហត្ថ ពាក់ស័ក្កិ៤ ដែលបាញ់សម្លាប់ DJ ចាក់ភ្លេងនៅក្លឹបកម្សាន្ដ ក្នុងភោជនីយដ្ឋានហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នោះ ត្រូវបានព្រះរាជអាជ្ញាលោកកែវ សុធា ចេញដីកាបញ្ជានៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ ឲ្យចូលមកបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌ ពីបទឃាតកម្ម។

ករណីនេះមហាជនរិះគន់ថាជនសង្ស័យ​​ឈ្មោះ ដួង រស្មី​ច័ន្ទ ជាបង ជួញដូរគ្រឿងញៀន​ជិត​១​គីឡូក្រាម សមត្ថកិច្ចចាប់ខ្លួនបានយកទៅផន្ទាទោសតាមច្បាប់ ចុះចំណែកជនសង្ស័យជាប្អូនឈ្មោះដួង មុនីរដ្ឋ  ជាមន្រ្តីកងរាជអាវុធហត្ថ ពាក់ស័ក្កិ៤ បាញ់សម្លាប់មនុស្សសាហាវព្រៃផ្សៃបំផុតជាច្រើនថ្ងៃមកហើយ ហេតុអ្វីសមត្ថកិច្ចនៅតែចាប់ខ្លួនមិនទាន់បានយកមកផ្ដន្ទាទោស ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះផង? ៕