ខេត្តកំពង់ឆ្នាំង ៖ ប្តីប្រពន្ធ១គូ ក្រោយរួមរស់ជាមួយគ្នាបង្កើតបានកូនទី៤ ស្រ្តីជាប្រពន្ធបានទាស់សរសៃសរសូង រហូតក្លាយជាមនុស្សសតិមិនល្អ ស្រាប់តែពេលនោះ បុរសជាប្តីចាប់ផ្តើមដកក្តីស្រលាញ់ចេញពីប្រពន្ធ រួចលួចទៅបង្កាត់ភ្លើងស្នេហ៍ជាមួយស្រ្តីមេម៉ាយកូន៤ និងឈានដល់សែនព្រេនយកគ្នាធ្វើជាប្តីប្រពន្ធ តែត្រូវម៉ែក្មេក (ម្តាយប្រពន្ធដើម) កើតទុក្ខមិនសុខចិត្ត បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដើម្បីទាមទាររកយុត្តិធម៌ជូនស្រី។

ករណីប្តីលួចទៅសែនព្រេនយកប្រពន្ធទី២នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយក្រោម ឃុំតាចេស ស្រុកកំពង់ត្រឡាច ។ លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ទើបសមត្ថកិច្ចអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច កោះហៅភាគីពាក់ព័ន្ធទៅសាកសួរ។

បុរសដែលក្បត់ចិត្តប្រពន្ធដើមទៅសែនព្រេនយកប្រពន្ធ២ មានឈ្មោះ តេង ផាន អាយុ៤០ឆ្នាំ ចំណែកស្រ្តីជាប្រពន្ធដើមឈ្មោះ កង សំហេង។ អ្នកទាំង២ មានកូន៤នាក់ (ស្រី២ ប្រុស២) ដោយកូនច្បងមានអាយុ១៦ឆ្នាំប្រុស និងកូនពៅមានអាយុ៧ឆ្នាំស្រី។
ស្ត្រីឈ្មោះ ស សុធឿន អាយុ៦០ឆ្នាំ ជាម្តាយរបស់នាងកង សំហេង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនស្រី និងកូនប្រសា(តេង ផាន) បានសែនព្រេនយកគ្នាជាប្តីប្រពន្ធនៅឆ្នាំ២០០៣ រួមរស់ជាមួយគ្នាបានកូន៤នាក់ តែគួរឲ្យស្តាយក្រោយពីបង្កើតកូនទី៤រួច បានទាស់សរសៃសរសូង រហូតក្លាយជាមនុស្សមានសតិមិនល្អនិយាយមិនសូវដឹងខុសត្រូវ រីឯកូនប្រសា ក៏ដកចិត្តមិនសូវស្រលាញ់ប្រពន្ធដូចមុនទៀត រហូតបែកចិត្តលួចទៅបង្កាត់ភ្លើងស្នេហ៍ជាមួយស្ត្រីមេម៉ាយកូន៤ម្នាក់ ឈ្មោះសឿង ចិន្តា អាយុ៣៣ឆ្នាំ ជាអ្នកភូមិជាមួយគ្នា ហើយបានសែនព្រេនយកគ្នាជាប្តីប្រពន្ធ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ ទើបធ្វើឲ្យគាត់កើតទុក្ខមិនសុខចិត្ត ក៏ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។

បុរសឈ្មោះ តេង ផាន ដែលលួចសែនព្រេនជាមួយស្រីមេម៉ាយកូន៤ យកធ្វើជាប្រពន្ធទី២នេះ បានរៀបរាប់ឲ្យដឹងថា ចាប់តាំងពីប្រពន្ធដើម (នាងកង សំហេង) មានសតិមិនល្អមក នាងចេះតែដើរចោលផ្ទះបាត់ៗ មិនដឹងជានាងទៅខូចខិលជាមួយប្រុសណា រហូតមានផ្ទៃពោះកូនទី៥ មួយទៀត ដែលមិនមែនកូនជាមួយគាត់ឡើយ ធ្វើឲ្យគាត់ខ្មាសញាតិពេញស្រុក រហូតមានចិត្តអស់និស្ស័យស្នេហ៍ជាមួយប្រពន្ធដើមតែម្តង ហើយក៏បានចាប់ចិត្តស្រលាញ់អ្នកមេម៉ាយមានកូន៤ ឈ្មោះ សឿង ចិន្តា ឈានដល់រៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធ តែត្រូវសមត្ថកិច្ចមកឃាត់ ព្រោះម៉ែក្មេកប្តឹង។
នាងសឿង ចិន្តា ជាប្រពន្ធទី២ លោកតេង ផាន បានឲ្យដឹងថា នាងនិងប្តី( លោកតេង ផាន ) បានស្រលាញ់ពេញចិត្តស្ម័គ្រសែនព្រេនយកគ្នាជាប្តីប្រពន្ធមែន ។ នាងក៏ដឹងថា ប្តី ( លោកតេង ផាន ) មានប្រពន្ធដែរ តែដោយសារប្រពន្ធដើមប្តីក្លាយជាមនុស្សមានសតិមិនល្អទៅហើយ ទើបស្ម័គ្រខ្លួនធ្វើជាអ្នកស្អំបេះប្តីតែម្តងទៅ។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចហៅភាគីទាំងសងខាងមកធ្វើការសម្របសម្រួលគ្នា ភាគីលោកតេង ផាន និងប្រពន្ធទី២ (ដែលទើបងសែនព្រេនថ្មីៗ) សុខចិត្តជួយឧបត្ថម្ភលុយចំនួន៤០ម៉ឺនរៀល ក្នុង១ខែ ឲ្យភាគីប្រពន្ធដើមចិញ្ចឹមកូន តែស្រ្តីជាម្តាយប្រពន្ធដើមមិនព្រមទទួល ដោយទាមទារយកប្រាក់បង់ផ្ដាច់ចំនួន១៥០០០ដុល្លារ ទើបសមត្ថកិច្ចមិនអាចជួយធ្វើការសម្របសម្រួលបាន គឺមានតែទុកឲ្យតុលាការ ជាអ្នកសម្រចទៅចុះ៕