បរទេស៖ សាលារៀនបឋមសិក្សាមួយ បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់ ដែលសិស្សសាលាទាំងអស់កំពុងតែឈរតម្រង់ជួរគ្នាតាមលំដាប់លំដោយ មានរបៀបរៀបរយ ព្រមទាំងស្លៀកសំលៀកបំពាក់យ៉ាងស្រុះគ្នាតែម្ដង រួមទាំងក្នុងដៃមានកាន់ចានស្រាក់ម្នាក់មួយ ដើម្បីធ្វើពិធីប្រគេនចង្ហាន់ព្រះសង្ឃ នៅក្នុងបរិវេណសាលា។

តាមរយៈការបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុកឈ្មោះ Piyapat Boonprakorb ដែលលោកគឺជាគ្រូបង្រៀននៅក្នុងវិទ្យាល័យ Banchang Kanchanakulwittaya School​ ស្ថិតនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានសរសេររៀបរាប់ថា «​នេះគឺជារូបភាពរបស់សិស្សថ្នាក់ទី១ (ប្រទេសថៃ) កំពុងតែឈរតម្រង់ជួរគ្នា ដោយសិស្សស្រីស្លៀកសារុងបុរាណថៃ កាត់សក់ខ្លី ពាក់ស្បែកជើងផ្ទាត់ ចំនែកឯសិស្សប្រុសបានពាក់ក្រម៉ាជាប់នឹងចង្កេះ ដែលមើលទៅពិតជាសមសួនខ្លាំងណាស់។

លោកគ្រូបានបន្តទៀតថា ក្នុងឱកាសនេះដែរក្រៅពីសិស្សគ្រូទាំងអស់ក៏សុទ្ធតែស្លៀកសំលៀកបំពាក់បុរាណថៃដែល ដើម្បីរៀបចំពិធីធ្វើបុណ្យកុសល និងប្រគេនគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃដើម្បីអបអរដល់ឆ្នាំថ្មី…»​។ ប៉ុន្តែសកម្មភាពទាំងនេះមិិនមែនសម្រាប់តែថ្ងៃដែលរៀបចំធ្វើពិធីបុណ្យនោះទេ គឺសាលាតែងតែធ្វើបែបនេះជារៀងរាល់ថ្ងៃ ដោយសិស្សទាំងអស់តែងតែខ្ចប់បាយពីផ្ទះដើម្បីចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

បន្ទាប់ពីរូបភាពនេះត្រូវបានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានមតិជាច្រើនមកពីគ្រប់មជ្ឈដ្ឋានបានលើកឡើងថា វាពិតជាស្រស់ស្អាត គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយគួរតែបន្តផ្សព្វផ្សាយការស្លៀកសំលៀកបំពាក់បុរាណបែបស្ទីលថៃនេះឲ្យបានគង់វង្សយូរអង្វែងតរទៅមុខទៀត ដើម្បីលើកតម្កើងវប្បធម៌ឲ្យកាន់តែល្បីល្បាញ ៕

ប្រភព៖ kapook