ភ្នំពេញ៖ នៅក្នុងពិធីបុណ្យបូជាសពនារីរងគ្រោះដែលត្រូវឃាតករជាសង្សារចិត្តអប្រិយ៍បាញ់សម្លាប់គ្មានក្ដីមេត្តាសូម្បីបន្ដិចនោះ ក្រុមគ្រួសារបងប្អូនសាច់ញាតិ មានសោកស្តាយអាឡោះអាល័យជាទីបំផុត និងសូម ឲ្យសមត្ថកិច្ចបន្តស្រាវជ្រាវស្វែងរកមុខឃាតករចិត្តអប្រិយ៍នេះ មកផ្តន្ទាទោសតាមច្បាប់ឲ្យបាន ដើម្បីវិញ្ញាណក្ខន្ធសព(កញ្ញា ជុន ឌីណា) បានស្ងប់ និងទៅកាន់សុគតិភព។
ជនសង្ស័យឈ្មោះ យឺន វណ្ណដេត អាយុប្រហែល៣០ឆ្នាំ ជានាយទាហាន នៅអង្គភាព ង៧០ មានឋានន្តរសក្តិវរសេនីយត្រី ក្រោយបាញ់សម្លាប់សង្សារខ្លួនឯងចំនួន២គ្រាប់ និងបានបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយរត់គេចខ្លួនបាត់នោះ បានឆ្លៀតឱកាសបង្ហោះសារតាមហ្វេសប៊ុកថា៖ ជាតិនេះ បងខុសធ្ងន់ណាស់ សូម្បីមនុស្សដែលខ្ញុំស្រឡាញ់ ក៍ថែរក្សាមិនបាន។ បងនឹងខំធ្វើបុណ្យឧទ្ទិសកុសលជូនអូន ។ បើមានជាតិក្រោយពិត បងព្រមតាមអូនគ្រប់យ៉ាង។

ការសម្លាប់នេះ ត្រូវបានគេដាក់ភាពសង្ស័យ អាចជារឿងភ្លើងប្រចណ្ឌ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១២និង១០ យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុច ផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរី រំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល ។
មុនពេលកើតហេតុ សាក្សីអ្នកជិតខាង គេបានឮសំឡេងផ្ទុះកាំភ្លើង២គ្រាប់ដែរ តែមិនសូវចាប់អារម្មណ៍ដោយសារតែក្នុងបុរីនេះផ្ទះល្វែងនីមួយៗ បានបិទទ្វារ ចូលសំរាករៀងៗខ្លួន។ បន្តិចក្រោយមក គេក៏បានឃើញជនសង្ស័យ បីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅកង់បីឥណ្ឌា ឲ្យដឹកទៅមន្ទីរពេទ្យខ្មែរសូវៀត ក៍បាត់បង់ជីវិតតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ជុន ឌីណា ភេទស្រី អាយុ២៦ឆ្នាំ ជានិសិត្សពេទ្យនៃវិទ្យាស្ថានវិទ្យាសាស្ត្រអាស៊ី និងជាអ្នកលក់គ្រឿងសំអាង តាមអនឡាញ ស្នាក់នៅ ផ្ទះកើតហេតុខាងលើ។ ក្រោយកើតហេតុ ជនសង្ស័យត្រូវជាសង្សារ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ៕