ភ្នំពេញ៖ ក្រោយពីការប្រជុំដោះស្រាយរវាងតំណាងសហជីព និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) នៅសាលាខណ្ឌចំការមន ត្រូវបានបញ្ចប់រួចមក នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ ភាគីទាំង២បានសម្រេចលទ្ធផលចំនួន២ គឺ ទី១ ៖ ក្រុមហ៊ុនបានឯកភាពតម្លើងបៀវត្សជូនបុគ្គលិកណាហ្គាវើល និងទី២ ៖ ចំពោះសំណូមពរឲ្យទទួលប្រធានសហជីពឈ្មោះ ឈឹម ស៊ីថរ ចូលបម្រើការងារវិញ ក្រុមហ៊ុនមិនទាន់សម្រេចយ៉ាងណាទេ ដោយសូមលើកពេលទៅសម្រេចនៅពេលក្រោយ។

ការប្រជុំដោះស្រាយរវាងតំណាងសហជីព និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) នៅសាលាខណ្ឌចំការមន នេះ ត្រូវបានធ្វើឡើង បន្ទាប់មានការធ្វើបាតុកម្មតវ៉ាពីសំណាក់បុគ្គលិក Naga World ជាង១០០០នាក់ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ ហើយអាជ្ញាធរខណ្ឌចំការមន បានអញ្ជើញតំណាងអ្នកតវ៉ាមួយចំនួន ជួបប្រជុំរកដំណោះស្រាយ។ ចំណែកក្រុមអ្នកតវ៉ានៅខាងមុខ Naga World បាននៅស្ងៀមនៅនឹងកន្លែង ដោយមិនទាន់ធ្វើសកម្មភាពអ្វីបន្តទៀតទេ។

លក្ខខណ្ឌដែលបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ទាមទារ រួមមាន៖
១.ឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ
២.អនុញ្ញាតឲ្យកម្មករឈប់សម្រាកតាម គោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ
៣.បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ និងដំឡើងប្រាក់ឈ្នួល ៣០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង៥០០ដុល្លារ សម្រាប់ បុគ្គលិកផ្នែកកាស៊ីណូ៕