ខេត្តកណ្ដាល៖​ ស្រុកស្អាង គឺជាស្រុកដែលសំបូរទៅដោយកសិករនិយមដាំបន្លែនាៗ សម្រាប់យកទៅផ្គត់ផ្គង់តម្រូវការនៅលើទីផ្សារ នឹងដាំទុកបិរភោគខ្លួនឯងផង បើយើងក្រលេកមើលនៅខាងមុខផ្ទះរបស់កសិករមួយចំនួននៅស្រុកស្អាង ដែលបាន​ដាំ​បន្លែ​ធម្មជាតិ​នៅមុខ​ផ្ទះ​សម្រាប់​ហូប ព្រោះ​មិន​ហ៊ាន​ហូប​បន្លែ​ខ្លួនឯង​ដែល​ដាំ​នៅ​ចម្ការ​។ កសិករ​ទាំងអស់អះអាងថា បន្លែ​ទាំងស្រុង​ដែល​ពួកគេ​ដាំ​នៅ​ចម្ការ​ទុក​សម្រាប់​លក់​នៅលើ​ទីផ្សារ គឺ​បាន​បាញ់ថ្នាំ​ពុល​គីមី​គ្រប់មុខ​៣​ឬ​៤​ដង​ក្នុង​មួយ​សប្តាហ៍  ដើម្បីឱ្យ​បន្លែ​ល្អ និង​សម្លាប់ ក៏​ដូច​ការពារ​បន្លែ​ទាំងនោះ​ពី​ការរំខាន់​របស់​ពពួក​សត្វល្អិត​ចង្រៃ​។ ដោយឡែកបន្លែដែល​ពួកគេ​ដាំ​នៅមុខ​ផ្ទះ​សម្រាប់​ហូប​ប្រចាំ​គ្រួសារ​វិញ គឺ​មិន​ប្រើប្រាស់​ជី និង​ថ្នាំពុល​គីមី​អ្វី​ឡើយ​។​

នេះបើតាមការលើកឡើងរបស់អ្នកស្រីលាង ហ្កេចបានឲ្យដឹងថា អ្នកស្រីទើបតែ​ចាប់ផ្តើម​ដាំ​ស្ពៃក្តោប​នៅមុខ​ផ្ទះ​សម្រាប់​ហូប​ខ្លួនឯង​នោះ បាន​ពីរដង​(​ប្រហែល​កន្លះ​ឆ្នាំ​) ប៉ុណ្ណោះ ព្រោះ​អ្នកស្រីមិន​ហ៊ាន​ហូប​បន្លែ​ដែល​ខ្លួនឯង​ដាំ​នៅ​ចម្ការ​ធំ​ដែល​បាន​ប្រើប្រាស់​ថ្នាំពុល​គីមី​ច្រើន​លើសលុប សម្រាប់​លក់​នៅលើ​ទីផ្សារ​ទេ។ ស្រ្ដីវ័យ៤៩ឆ្នាំ បានបញ្ជាក់ប្រាប់សារព៏ត៌មាន “KBN​”ថា ​«​សព្វថ្ងៃនេះ កុំថាឡើយ​បន្លែ​លក់​នៅលើ​ទីផ្សារ ពិសេស​បន្លែ​ពពួក​ស្លឹក ខ្ញុំ​មិន​ទិញ​ហូប​…​សូម្បីតែ​បន្លែ​ខ្ញុំ​ដាំ​នៅ​ចម្ការ​ខ្លួនឯង ក៏​មិន​ហ៊ាន​ហូប​ដែរ​។ ព្រោះ​យើង​ការ​ដឹងថា​ បន្លែ​នៅ​ចម្ការ​ហ្នឹង​…​បាន​ប្រើ​ថ្នាំពុល​ច្រើន​ប៉ុណ្ណា​…​មិន​ថា​ខ្ញុំ មិន​ថា​គេ បន្លែ​យើង​នៅ​ចម្ការ​ គឺ​សុទ្ធតែ​បាញ់​ថ្នាំពុល​មួយថ្ងៃ​…​រំលង​មួយថ្ងៃ​…​។ ដោយឡែក បន្លែ​ដែល​ខ្ញុំ​ដាំ​នៅមុខ​ផ្ទះ​វិញ គឺ​ខ្ញុំ​មិនបាន​ប្រើប្រាស់​ថ្នាំ​គីមី​អ្វី​ឡើយ គឺ​ទុក​ឱ្យដាំ​លូតលាស់​តាម​ធម្មជាតិ តែម្តង​»​ ៕