រាជធានីភ្នំពេញ៖​ នៅក្នុងទីក្រុងរាជធានីភ្នំពេញមានបឹងសរុបទាំងអស់ចំនួន២៦ ហើយក្នុងនោះបឹងចំនួន១៦ត្រូវបានលុបទាំងស្រុង នឹងបឹង១០ទៀតត្រូវបានលុបនៅផ្នែកខ្លះ នេះបើតាមការលើងឡើងរបស់សមាគមធាងត្នោត។ ប្រជាជនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពលុបបឹងពីមួយថ្ងៃទៅមួយថ្ងៃ សមាគមធាងត្នោតមើលឃើញថា ការ​លុប​បឹង​នេះធ្វើ​ឲ្យ​ផលប៉ះពាល់​ជីវចម្រុះ និង​បរិស្ថាន ហើយ​បង្ក​ឲ្យ​មាន​ទឹកជំនន់​។  លើសពីនេះពលរដ្ឋ​រាប់ពាន់​គ្រួសារប្រឈម​នឹង​ការគំរាមកំហែង រួមទាំង​បាត់បង់​លំនៅដ្ឋាន​។

ជីវភាពប្រជាពលរដ្ឋជាច្រើនដែលពឹងផ្អែកលើបឹង និងដីសើមទាំងនោះកំពុងទទួលរងផលប៉ះពាល់ដោយប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារត្រូវបានគេបណ្តេញចេញពីលំនៅឋាន ឬប្រឈមនឹងការគំរាមកំហែងពីការបណ្តេញចេញនៅថ្ងៃខាងមុខ ខណៈដែលគម្រោងអភិវឌ្ឍន៍នៅបន្តគំរាមកំហែងលំនៅឋាន និងការងាររបស់ប្រជាពលរដ្ឋទាំងនោះ។ ផលប៉ះពាល់ផ្នែកបរិស្ថាននៃនិន្នាការ​ទាំងនេះ នៅមិនទាន់ត្រូវបានគេដឹងច្បាស់លាស់នៅឡើយ ប៉ុន្តែការប៉ាន់ស្មានមួយចំនួនបង្ហាញនូវផលអាក្រក់ធ្ងន់ធ្ងរដែលនឹងកើតមានឡើង ដូចជាទឹកជំនន់ ការបំពុលបរិស្ថាន និងការថមថយនៃទីបង្កកំណើតរបស់មច្ឆាក្នុងបឹងទាំងនោះ។

ផ្អែកលើ​របាយការណ៍រ​បស់​សមាគម​ធាងត្នោត បឹង​ទាំង​១៦ ដែល​ត្រូវបាន​លុប​ទាំងស្រុង គឺ បឹងត្របែក​១ នៅ​ខណ្ឌចំការមន​, បឹង​តា​ម៉ា​ត នៅ​ខណ្ឌដង្កោ​, បឹង​ស្ទោ​រ នៅ​ខណ្ឌ​ច្បារអំពៅ​, បឹង​ឈូក នៅ​ខណ្ឌ​ច្បារអំពៅ​, បឹង​សាឡាង នៅ​ខណ្ឌ​ទួល​គោល​, ប្រឡាយ​លូ​៥ នៅ​ខណ្ឌមានជ័យ​, ត្រពាំង​ឈូក នៅ​ខណ្ឌ​សែន​សុខ​, បឹង​ទួល​ពពែ នៅ​ខណ្ឌដង្កោ​, បឹង​រាជសីហ៍ នៅ​ខណ្ឌ​សែន​សុខ​, បឹង​ចិញ្ចឹម​ក្រពើ នៅ​ខណ្ឌ​សែន​សុខ​, បឹង​ឈូក នៅ​ខណ្ឌឫស្សីកែវ​, បឹង​ពោងពាយ នៅ​ខណ្ឌ​សែន​សុខ​, បឹង​អូរ​អង្កាម នៅ​ខណ្ឌឫស្សីកែវ​, បឹងកក់ នៅ​ខណ្ឌ​ទួល​គោល​, បឹង​សាឡាង នៅ​ខណ្ឌឫស្សីកែវ និង បឹង​ទទឹងថ្ងៃ នៅ​ខណ្ឌ​ជ្រោយចង្វារ​។
​ចំណែក បឹង​ទាំង​១០​ទៀត ដែល​បាន​ចាក់ដី​លុប​ផ្នែក​ខ្លះ គឺ បឹងត្របែក​២ នៅ​ខណ្ឌចំការមន​, បឹងទំពុន​១ និង​បឹងទំពុន​២ នៅ​ខណ្ឌមានជ័យ​, បឹង​ជើងឯក នៅ​ខណ្ឌដង្កោ​និង​ខណ្ឌមានជ័យ​, បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ នៅ​ខណ្ឌ​ព្រែក​ព្នៅ​, បឹង​ខាំ​ពង នៅ​ខណ្ឌ​ជ្រោយចង្វារ​, បឹង​ប៉ា​យ៉ាប នៅ​ខណ្ឌឫស្សីកែវ​និង​ខណ្ឌ​សែន​សុខ​, បឹង​ឈូក នៅ​ខណ្ឌឫស្សីកែវ​, បឹង​ក្បាលដំរី នៅ​ខណ្ឌ​សែន​សុខ និង​បឹង​សំរោង នៅ​ព្រែក​ព្នៅ​ ៕
ប្រភព៖ សមាគមធាងត្នោត