បរទេស៖ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ប៉ូលីសក្រុងបាងកក បានបង្ហើបឲ្យដឹងថា ករណីលោក​ថា​ណា​ថន(Thanathorn Juamgroongruangkit) ជាមេដឹកនាំគណបក្សអនាគតថ្មី(Future Forward Party)​ បានណាត់អ្នកគាំទ្រចូលរួមប្រជុំនៅកណ្ដាលទីក្រុងបាងកក ដោយពុំមានការជូនដំណឹងដល់អាជ្ញាធរប៉ូលីសក្រុងឡើយ។ ប់ូលីសក្រុងបាងកកបានចូលទៅរក្សាសណ្ដប់ធ្នាប់ ភាពរៀបរយក្នុងក្រុង តែប្រសិនបើមានអ្វីខុសច្បាប់ដែលបានកំណត់ ក្រុមប៉ូលីសនឹងចាត់ការតាមផ្លូវច្បាប់ភ្លាមៗ ដោយគ្មានប្រការលើកលែងឡើយ។

ចំពោះការជួបជុំគ្នានេះធ្វើឡើងបន្ទាប់ពីលោក​ថា​ណា​ថន ដែលជាអ្នកដឹកនាំបក្សប្រឆាំងដ៍មានប្រជាប្រិយភាពមួយនេះបានបង្ហោះសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកគណនីផ្ទាល់ខ្លួនថា “អ្នកគាំទ្រជំនុំគ្នា ព្រោះតែសម្លេងដែលប្រជាពលរដ្ឋបានជ្រើសរើសនោះពុំមានប្រសិទ្ធភាពក្នុងសភា ដល់ពេលដែលប្រជាពលរដ្ខចេញមកប្រើប្រាស់សម្លេងខ្លួនហើយ កំណត់ពេលវេលាម៉ោង១២ៈ០០ ដល់ ម៉ោង១៩ៈ០០”។

គួរបញ្ជាក់ផងដែលថា គណបក្សដ៏ល្បីឈ្មោះមួយនេះត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់​ថៃ​ ប្រកាស​កាលពី​ម្សិលមិញ​ថា​ «គណបក្ស​អនាគត​ថ្មី​»អាច​ត្រូវ​រំលាយ​ដោយសារតែ​លោក​ ថា​ណា​ថន​ បាន​ផ្តល់​កម្ចី​ទៅ​ឱ្យ​គណបក្ស​ចំនួន៨លាន៦សែន​ដុល្លារ​ ៕