ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី១១ និង១២ខែធ្នូ ឆ្នាំ២០១៩ ដោយមានសម្របសម្រួលពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ៥នាក់ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងគំរាមជនជាតិចិនជាច្រើនលើកមកហើយ ។


មន្រ្តីអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នោះ ៖ ១. ឈ្មោះពេជ្រ ស៊ីឡាង ភេទប្រុស អាយុ១៧ឆ្នាំ។ ២. ឈ្មោះអោក រស្មី ភេទប្រុស អាយុ១៧ឆ្នាំ។ ៣. ឈ្មោះសេង លីញ ភេទប្រុស អាយុ១៧ឆ្នាំ។ ៤ ឈ្មោះនួន វ៉េវ ភេទប្រុស អាយុ១៧ឆ្នាំ។ ទាំង៤នាក់ មុខរបរគ្មាន។ ៥. ឈ្មោះកែវ មករា ភេទប្រុសអាយុ១៧ឆ្នាំមុខរបរកម្មករសំណង់។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ខាងលើបានសារភាពថា ខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងគំរាមជនជាតិចិនជាច្រើនលើកមកហើយពិតប្រាកដមែន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដូចជាផ្លូវដើមពុទ្រា ផ្លូវក្រោយនាគទិព្វ ផ្លូវ៩៩៩ និងផ្លូវជាតិលេខ៥ ជាដើម ហើយជនសង្ស័យទាំង៥ បានចង្អុលបង្ហាញបន្ទប់ស្នាក់នៅ ពេលនោះសមត្ថកិច្ចបានទៅរកឃើញដាវ និងកាំបិត ពូថៅ ចំនួន៦។

ជនសង្ស័យទាំង៥នាក់ ត្រូវបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕