បច្ចុប្បន្នការដាំដំណាំជាលក្ខណៈគ្រួសារ (សួនដំណាំគ្រួសារ) ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់តែមានការ​ចាប់​​អារម្មណ៍​ច្រើន​ឡើង​ ក្នុងនោះគេក៏ឃើញការដាំបន្លែនៅក្នុងកេះ (ឡាំង) ស្នោក៏ពេញនិយមដែរ ពីព្រោះ​កេះស្នោ​ធុននឹង​ទឹក​ភ្លៀងនិង​កំដៅ​ថ្ងៃ ព្រមទាំងមានតម្លៃថោក ឬក៏អាច​យកពីកន្លែងដែលគេបោះចោល។

ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានទទួលព័ត៌មាន និងខ្លះទៀតយល់ថា កេះស្នោនេះនៅពេលត្រូវកំដៅ ថ្ងៃខ្លាំងវានឹងចេញជាតិគីមីដែលគេបានផ្សំបង្កើតកេះស្នោនេះ រួចហើយបន្លែដែលដាំនៅក្នុងកេះនេះស្រូប យកសារធាតុគីមីនោះ។ បន្លែនេះត្រូវបានប្រជាពលរដ្ឋយកទៅបរិភោគ គឺបណ្តាលឲ្យប៉ះពាល់ដល់សុខភាព​ទន្ទឹមនឹងពួកគេប្រឹងគេចចេញពីបន្លែគីមីនោះ។

ចំងល់នេះលោកបណ្ឌិត យ៉ង សាំងកុមារ ជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក បាន​ពន្យល់ថា ជាធម្មតាកេះស្នោនៅពេលត្រូវកំដៅខ្លាំង គឺវាពិតជាចេញសារធាតុគីមីដែលមាននៅក្នុងកេះស្នោ​នោះ​មែន «ប៉ុន្តែយើងមិនបាច់ព្រួយបារម្មណ៍ទេ ពីព្រោះកេះស្នោដែលយើងបានដាំបន្លែនោះ គឺវាមានដី ពិសេសយើង​បាន​ស្រោចទឹក ឬដាក់ទឹក (ដាំបន្លែលើទឹក) ដូច្នេះកេះស្នោនេះវាមិនក្តៅរហូតដល់កំរិត​ដែលបណ្តាល​ឲ្យ​សារ​ធាតុគីមីចេញឡើយ»។

យោងតាមការពន្យល់ខាងលើនេះ សូមប្រជាពលរដ្ឋឈប់បារម្មណ៍ទៀតទៅក្នុងការបរិភោគបន្លែដាំនៅក្នុងកេះស្នោដែលខ្លាចប៉ះពាល់ដល់សុខភាពនោះ ៕

ប្រភពៈ​​ សមាគន៏សម្បូរសប្បាយ