ខេត្តសៀមរាប ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាចំនួន២០លានរៀលសម្រាប់អ្នកស្លាប់ និង៣លានរៀល សម្រាប់អ្នករងរបួស ក្នុងហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់អ្នកកាសែតថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់នេះ ហើយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់។


ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា ចំនួន២០លានរៀលក្នុងមួយសព សម្រាប់គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងឧត្ថម្ភ ៣លានរៀលក្នុងមួយនាក់ សម្រាប់អ្នករងរបួស។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មានហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បណ្តាលឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ១៣អង្គ/នាក់ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត៕