បុរសជាជនជាតិបរទេសម្នាក់ វ័យជាង60ឆ្នាំ ជិះម៉ូតូធន់ធំមួយគ្រឿង សង្ស័យខ្យល់គ បានរេចង្កូតបុកនឹងជញ្ជាំងរបងឃ្លាំង ដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង 8និង15នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ2019 តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខឃ្លាំងសាំងសូគីមិច ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ ។

សាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់ ជាជនជាតិបរទេស មិនស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូមួយគ្រឿងប្រភេទធន់ធំ មិនស្គាល់ម៉ាកនោះទេ ពណ៌ក្រហមពាក់ ស្លាកលេខភ្នំពេញ1BE 3552 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ សង្ស័យងងឹតមុខ ហើយរេចង្កូតជ្រុលទៅបុកនឹងជញ្ជាំងរបងឃ្លាំងសាំងសូគីមិច បណ្តាលអោយដួលបោកក្បាល សន្លប់ស្តូកស្តឹងនៅកន្លែងកើត។

បានមួយសន្ទុះក្រោយមក ក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត បានមកដល់ជួយធ្វើចលនាអោយជនរងគ្រោះ ជាអកុសលបានដាច់ខ្យល់ស្លាប់ទៅហើយ ។

ក្រោយពេលកើតហេតុសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅដំកល់នៅឯវត្តស្ទឹងមានជ័យ ៕