រាជធានី​ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ធ្វើការ​ប្រកួត​បើក​ឆាក​ប្រចាំ​ពូ​ល A នៃ​ការ​ប្រកួត​ស៊ី​ហ្គេ​ម ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន នៅ​ពហុ​កីឡដ្ឋាន Rizal Memorial នា​យប់​ម៉ោង​៧ (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃ​ចន្ទ​នេះ ហើយ​ក្រុម​មី​យ៉ា​ន់​ម៉ា ក៏​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ម៉ា​ឡេ​ស៊ី នៅ​រសៀល​ថ្ងៃនេះ​ផង​ដែរ ។

ទោះ​យ៉ាងណា នៅ​មុន​ពេល​ការ​ប្រកួត​ចាប់ផ្តើម ក្រុម​កម្ពុជា ក្រុម​ទី​ម័​រ​ខាងកើត និង​ក្រុម​មី​យ៉ា​ន់​ម៉ា បាន​ជួប​នៅ​រឿង​រអាក់រអួល ដោយ​ក្រុម​កម្ពុជា ពួក​គេ​បាន​នាំ​គ្នា​ដេក​រដូករណែល​គួរ​ឲ្យ​អាណិត​នៅ​លើ​កម្រាលព្រំ​ជិត​៥​ម៉ោង ដើម្បី​រង់ចាំ​បន្ទប់ដេក នៅ​ឯ​សណ្ឋាគារ ហើយ​ទ​ង្វើ​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុ​ជាមួយ​ចំនួន ផ្ទុះ​ការ​រិះគន់​ដល់​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន ។

ក្រោយ​ផ្ទុះ​ការ​រិះ គន់​យ៉ាង​ខ្លាំង​ពី​ដំណើរការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដែល​មាន​ភាព​រញ៉េរញ៉ៃ និង​មិន​ច្បាស់លាស់ ដោយ​ទុក​ឲ្យ​ក្រុម​កីឡាករ​កម្ពុជា ទី​ម័​រ ក៏​ដូច​មី​យ៉ា​ន់​ម៉ា រង់ចាំ​ជា​ច្រើន​ម៉ោង​នៅ​ព្រ​លាន​យន្តហោះ និង​ការ​នាំ​កីឡាករ​ទៅ​សណ្ឋាគារ​ខុស​នោះ ប្រទេស​ហ្វី​លី​ពី​ន បាន​ចេញ​ទោស​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

អ្នក​រៀបចំ​កម្មវិធី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​នៅ​ក្នុង​សន្និសីទកាសែត ដោយ​និយាយ​ថា ក្នុង​នាម​ប្រទេស​ម្ចាស់ផ្ទះ​ពិតជា​មានការ​សោកស្តាយ​រាល់​កង្វះខាត និង​កំហុសឆ្គង​ដែល​បាន​កើតឡើង​នា​ពេល​កន្លង​មក ។ យើង​នឹង​រៀនសូត្រ​ពី​បទ​ពិសោធន៍​នេះ និង​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​។

កីឡាករ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ទី​ម៉​រ បាន​ហោះ​ទៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន មុន​បើក​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​បាន​ទៅ​ដល់​គោលដៅ​យឺត​ពេល ។

ជុំវិញ​បញ្ហា​នេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជានា​យក​បេសកកម្ម​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នេះ បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា «​រឿង​នេះ បាន​កើតឡើង នៅ​ពេល​ក្រុម​កម្ពុជា​យើង ទៅ​ដល់​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ហើយ​រឿង​នេះ មិនមែន​មាន​តែ​យើង​ទេ ព្រោះ​ឃើញ​មានការ​ចុះ​កាសែត​ក្នុង​នោះ​មាន ក្រុម​ទី​ម័​រ​ខាងកើត និង​ក្រុម​មី​យ៉ា​ន់​ម៉ា ជាដើម គឺ​មាន​បញ្ហា​ដូច​គ្នា​នេះ​ទាំងអស់ ប៉ុន្តែ​ក្នុង​សន្និសីទកាសែត ប្រទេស​ហ្វី​លី​ពី​ន ក៏​បាន​ធ្វើការ​សុំ​ទោស​ផង​ដែរ​»​។

លោក​បាន​បន្ថែម​ថា «​យើង​បាន​តាមដាន និង​បង្ខំ​ពួក​គេ​ឲ្យ​មក​ទទួល​ក្រុម​កម្ពុជា​យើង ប៉ុន្តែ​នៅ​តែ​មានការ​យឺត ហើយ​ការ​ពិត​កំហុស​នេះ មក​ពី​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន ព្រោះ​ម្ចាស់ផ្ទះ​អត់​បាន​និយាយ​ជាមួយ​ម្ចាស់​សណ្ឋាគារ ។ ខាង​សណ្ឋាគារ មានការ​កំណត់​របស់​គេ​ឲ្យ​ចូល check in នៅ​ម៉ោង​២​រសៀល ហើយ​យើង​ទៅ​ដល់​ម៉ោង​៥​ភ្លឺ និង​ចេញពី​ព្រ​លាន​យើង​បាន​រង់ចាំ​អស់​រយៈពេល​២​ម៉ោង​មុន​ពេល​ដែល​រថយន្តក្រុង​មក​ទទួល អ៊ីចឹង​ពេល​ដល់​សណ្ឋាគារ​ត្រូវ​រង់ចាំ​រយៈពេល​៨​ទៅ​៩ ម៉ោង​បន្ថែម​ទៀត សម្រាប់​សណ្ឋាគារ​ដែល​ត្រូវ​ស្នាក់​នៅ ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ក្រុម​យើង តែ​ឥឡូវនេះ យើង​បាន​សម្រួល​អស់​វិញ​ហើយ​» ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ស្នាក់​នៅ គណៈ​គ្រប់គ្រង​សណ្ឋាគារ Century Park Hotel Manila បាន​និយាយ​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​មក​ដល់​មុន​ពេល​កំណត់ ខណៈ​ភ្ញៀវ​ស្នាក់​នៅ មិន​ទាន់​បាន​ចាកចេញ​ឡើយ ។ ជា​ទូទៅ​ភ្ញៀវ​ស្នាក់​នៅ​ត្រូវ​ចាកចេញ (Check out) នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ឫ​យឺតយ៉ាវ​អាច​ដល់​ម៉ោង​២​រសៀល ។

ចំណែកឯ​ក្រុម​ជម្រើសជាតិ​ទី​ម័​រវិ​ញ ក៏​ជួប​បញ្ហា​ដែរ គឺ​ត្រូវ​បាន​រថយន្តក្រុង​នាំ​យក​ទៅ​ខុស​សណ្ឋាគារ​ស្នាក់​នៅ ក្រុម​មី​យ៉ា​ន់​ម៉ា មា​នប​ញ្ហ​ស្មុគស្មាញ​ពេល​មក​ដល់​ព្រ​លាន និង​ពេលវេលា​ហ្វឹកហាត់ ។

លោក Fabiano Flora គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទី​ម័​រ បាន​និយាយ​ថា កីឡាករ​និង​អត្ត​ព​លិ​ក គ្រប់​ប្រទេស​ទាំងអស់ ត្រូវ​តែ​ទទួល​បានការ​គោរព​ស្មើភាព​គ្នា​។

គួរ​រំឭក​ថា ការ​ប្រកួត​បាល់ទាត់​ស៊ី​ហ្គេ​ម​២០១៩ ក្រុម​ជម្រើសជាតិ​គោព្រៃ​កម្ពុជា ស្ថិត​នៅ​ក្នុង​ពូ​ល A ដែល​មាន​ក្រុម​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា និង ទី​ម័​រ​។ ការ​ប្រកួត​នេះ មួយ​ពូ​លយ​ក​២​ក្រុម ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ៕