រាជធានី​ភ្នំពេញ ៖ យុវជន​៣០​ក្រុម និង​ស្ដ្រី​៥០​ក្រុម ស្មើនឹង​អត្ត​ព​លិ​ក​៤៤៩​នាក់ មក​ពី​៤៩​ប្រទេស ជុំវិញ​ពិភពលោក បាន​មក​ដល់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​មក​ចូលរួម​ប្រជែង​ណ្ដើ​ម​យក​ជើងឯក នៅ​ក្នុង​ព្រឹត្តិការណ៍ ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន និង​ស្ដ្រី លើក​ទី​១៧ ឆ្នាំ​២០១៩ ដែល​កម្ពុជា​ទទួល​បាន​សិទ្ធ​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង នឹង​ចាប់ផ្ដើម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៩ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាង​មុខ ។​

​ខណៈ​មាន​វិញ្ញាសា​ប្រកួត​ផ្នែក​យុវជន​មាន ២​វិញ្ញាសា គឺ​វិញ្ញាសា​វាយ​យក​ពិន្ទុ និង​វិញ្ញាសា​វាយ ៣​ទល់​៣ ។ រីឯ​ផ្នែក​ស្ដ្រី​មាន ២​វិញ្ញាសា គឺ​វិញ្ញាសា​វាយ​យក​ពិន្ទុ និង​វិញ្ញាសា​វាយ ៣​ទល់​៣ ។ ចំណែក​វិញ្ញាសា សមាគម​មាន ២​វិញ្ញាសា គឺ​វាយ​៣ ទល់​៣ ។​

​ចំណុច​មួយ​ដែល​រំលេច​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​សម្រស់​កីឡាការិនី​ប៉េតង់​ម្នាក់ ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​អា​ឡឺ​ម៉​ង់ ធ្វើ​អោយ​អ្នកជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុងស្រុក តាម​ប្រមាញ់​រូប​នាង​ច្រើន​ជាងគេ ។​

​ជាក់ស្តែង​បើ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក Sovieth Yorn ក៏ដូចលោក Sovanna Kem ដែរគឺតាម​ប្រមាញ់​រូប​នាង កំពុង​តែហាត់​សម​លើ​ទីលាន នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន និង​កីឡា ក្នុង​កីឡដ្ឋាន​ជាតិ មុន​ការ​ប្រកួត​ប៉េតង់​ពិភពលោក​លើក​ទី​១៧ ចាប់ផ្តើម ទៅ​ទៀត ។​

​យ៉ាងណា​អ្នក​សារព័ត៌មាន​យើង​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ កីឡាការិនី​ប៉េតង់ រូប​ស្រស់​សោភា ជនជាតិ​អា​ឡឺ​ម៉​ង់​រូប​នេះ នៅឡើយ​ទេ ៕