លោកពូ គឹម ប្រិល រស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត គាត់មានបទពិសោធន៍ដាំប៉េងប៉ោះបានផលល្អនៅរដូវវស្សាដែលបទពិសោធន៍នេះជាគំនិតច្នៃប្រឌិតដោយខ្លួនឯង។ ចំពោះបទពិសោធន៍របស់គាត់មានបង្ហាញជូន ដូចខាងក្រោម៖

/. ការរៀបចំរណ្តៅដាំ 

គាត់កាប់ដីហាលរយៈពេល១សប្តាហ៍ ទើបលើករងដាំ។ រងនីមួយៗមានទទឹង៧តឹក កំពស់២,៥តឹក (នៅរដូវវស្សា) បណ្តោយទៅ តាមស្ថានភាពដី។ នៅលើរងគាត់មានដាក់ជីលាមកសត្វពុកផុយ និងជីលាមកប្រចៀវប្រមាណ១០គីឡូ ក្រាមក្នុង១រង។ នៅលើ រងគាត់ជីករណ្តៅ៤តឹក៤ជ្រុង និងជំរៅ២តឹក​។ នៅក្នុងរណ្តៅនីមួយៗគាត់ដាក់ជីលាមកប្រចៀវ ០,៥គីឡូក្រាម ច្របល់ឲ្យសព្វ ទើបដកកូនប៉េងប៉ោះយកទៅដាំ។

/. ការសាបកូន និងថែទាំនៅថ្នាល

ថ្នាលសាបកូន គាត់បានរៀបចំដូចរងដាំដែរ។ មុនសាបគាត់បានយកគ្រាប់ទៅហាលថ្ងៃ ២ម៉ោង ដើម្បីសម្លាប់មេរោគ បន្ទាប់ មកយកទៅខ្ចប់ក្រណាត់ផ្សើមទឹក១យប់ ដើម្បីឲ្យគ្រាប់ស្រូបទឹកឆាប់ដុះពន្លក។ គាត់បាន យកគ្រាប់ទៅសាបនៅលើរងស្តើងៗ រួចយកចំបើង ឬធាងដូងគ្របពីលើ និងបន្តស្រោចទឹកឲ្យជោគ គ្របរយៈពេល៣ថ្ងៃ ទើប បើកគំរបចេញ។ ក្រោយពីសាបបាន ៧ថ្ងៃ គាត់យកជីទឹកផ្សំពីកូនត្រីសមុទ្រទៅស្រោចរយៈពេល៣ថ្ងៃម្តង (កូនត្រីសមុទ្រ៥គីឡូ ក្រាម ត្រាំជាមួយទឹក៥០លីត្រ) រហូតដល់កូនប៉េងប៉ោះអាយុបាន២០ថ្ងៃដល់២៥ថ្ងៃ ដកកូនយកទៅដាំ (មុនដកកូន ផ្អាកស្រោចទឹក និងទឹកជី៣-៤ថ្ងៃ)។

/. ការដកកូនដាំ

ក្រោយពីកូនប៉េងប៉ោះគ្រប់អាយុត្រូវដាំ គាត់បានដកកូនថ្លោសៗយកទៅដាំក្នុង១រណ្តៅ១ដើម។ នៅពេលដាំ គាត់បន្ថែមជី លាមកប្រចៀវ១កំបង់ដៃក្នុង១រណ្តៅ។ នៅពេលលុបដីដាំ គាត់សង្កត់ដីឲ្យណែននៅក្បែរគល់ រួចស្រោចទឹក។

/. ការថែទាំ និងដាក់ជី

បន្ទាប់ពីបានដាំរួចរាល់ លោកពូឧស្សាហ៍ធ្វើស្មៅនៅក្បែរគល់ និងនៅតាមចន្លោះរង និងស្រោចទឹក ១ ថ្ងៃ២ដង ឬ ១ទៅ២ថ្ងៃម្តងទៅតាមសភាពការណ៍ជាក់ស្តែង។ ក្រោយពីដាំបាន២០ថ្ងៃ គាត់ដាក់ជីគោក (ជីធម្មជាតិ) ៤-៥គីឡូ ក្រាមក្នុង១រង (ដាក់នៅតាមចន្លោះរង)។ ក្រោយពីដាក់ជីគោកបាន ៣-៤ថ្ងៃ គាត់បន្តស្រោចទឹកក្នុងបរិមាណទឹកជី ០,៥លីត្រ លាយទឹក១០លីត្រ ស្រោច១ សប្តាហ៍ម្តង (ជីទឹកស្រោចនៅពេលល្ងាច) នៅតាមគល់។ ការស្រោចទឹក និងជីទឹកបន្តរហូតដល់ពេលប្រមូលផលអស់។ នៅពេលប៉េងប៉ោះមានផ្លែច្រើន គាត់យកបង្គោលឫស្សីចងទប់ដើមកុំឲ្យដួលនៅពេលមានខ្យល់។

/. ការប្រមូលផល

ដំណាំប៉េងប៉ោះក្រោយពីសាបកូនរហូតដល់ផ្លែមានរយៈពេល៣ខែ។ គាត់ចាប់ផ្តើមប្រមូលផលដោយ១សាបេះផ្លែបាន៥០-៦០ គីឡូក្រាម ៣ថ្ងៃបេះម្តង។ គាត់បេះផ្លែ៦-៧សាទើបអស់។ ប៉េងប៉ោះនេះគាត់បានលក់ទៅឲ្យទីផ្សារសេដាក ក្នុង១ គីឡូក្រាមតំលៃ ២.០០០ ទៅ ២.៥០០រៀល។ ក្នុងការដាំប៉េងប៉ោះនេះ លោកពូទទួលបានប្រាក់ចំណូលស្ទើរទាំងស្រុង ដោយចំណាយ តែលើការទិញកូនត្រីសមុទ្រធ្វើជីទឹកបន្តិចបន្តួចប៉ុណ្ណោះ។

/. ចំណាប់អារម្មណ៍របស់កសិករ

ក្រៅពីការដាំប៉េងប៉ោះ លោកពូមានដាំដំណាំផ្សេងៗទៀតដូចជា ស្ពៃ ខាត់ណា។ល។ លោកពូមានប្រសាសន៍ថា គាត់មិនពិបាក រកទីផ្សារទេព្រោះមានផ្សារអង្គការសេដាកចាំទទួលទិញ ប៉ុន្តែពេលខ្លះគាត់ផលិតបានច្រើនពេកហួសតម្រូវការទីផ្សារ គាត់លក់ឲ្យទីផ្សារខាងក្រៅ ប៉ុន្តែមិនបានតម្លៃថ្លៃដូចទីផ្សារអង្គការសេដាកទេ។ គាត់នឹងបន្តដាំដំណាំដោយមិនប្រើជី និងថ្នាំពុលគីមីនេះតទៅទៀត ព្រោះបានតម្លៃថ្លៃ និងមិនចំណាយថវិកា ៕