ខេត្តកំពត ៖ ជនសង្ស័យ១គ្រួសារមានចំនួន៤នាក់ទាំងឪពុក និងកូនសុទ្ធតែរកស៊ីលក់ថ្នាំញៀន លុះពេលកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបាន ក៏បើកប្រតិបត្តិការបង្រ្កាបចាប់ខ្លួន យកទៅចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៩ និង៣៥នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ។
ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនដែលសមត្ថកិច្ច ធ្វើការចាប់ខ្លួន ទី១-ឈ្មោះ ឡុង មាន ភេទប្រុស អាយុ៦០ឆ្នាំ , ទី២-ឈ្មោះ ឡុង មាស ភេទប្រុស អាយុ៣០ឆ្នាំ, ទី៣-ឈ្មោះឡុង ពេជ្រ ភេទស្រី អាយុ ២៤ឆ្នាំ និង៤-ឈ្មោះ រិន ណាវ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ។ ជនសង្ស័យទាំង៤នាក់ ត្រូវជាឪពុកកូន និងរស់នៅភូមិ-ឃុំខាងលើ។ ដកហូតសារធាតុញៀនចំនួន៣១កញ្ចប់តូច។


សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ សុទ្ធតែជាមុខសញ្ញាជួញដូរថ្នាំញៀនដែលសមត្ថកិច្ចតាមប្រមាញ់ជាយូរណាស់មកហើយ ទើបតែបង្ក្រាបបាននៅពេលនេះ។ ជនសង្ស័យទាំងអស់ និងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕