រាជធានីភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ មិនដឹងថាមានវិបត្តិអ្វីទេ ដាច់ចិត្តធ្វើអត្តឃាតចង.ក សម្លាប់នៅក្នុងការដ្ឋានសំណង់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចក្រោយមន្ទីរពេទ្យរ៉ូយ៉ាល ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។


ជនរងគ្រោះ ឈ្មោះ សួង លក្ខិណា អាយុ២៨ឆ្នាំ ស្នាក់នៅ និងធ្វើការក្នុងការដ្ឋានកើតហេតុ ប្រពន្ធលែងលះគ្នា មានកូនអាយុជាង៣ឆ្នាំ រស់នៅជាមួយម្ដាយ នៅឯស្រុកកំណើតខេត្តកំពង់ឆ្នាំង ជាអ្នកបោកខោអាវឲ្យគេ ដើម្បីចិញ្ចឹមជីវិត។
នៅថ្ងៃកើតហេតុ ស្រ្តីជាម្ដាយបានធ្វើដំណើរពីស្រុក មកជួបកូននៅទីតាំងកើតហេតុ ស្រាប់តែឃើញកូនចង.កស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់មេការសំណង់ និងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទឹកថ្លា ចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាចង.កប្រាកដមែន រួចបានឲ្យមគ្រួសារយកសពយកទៅស្រុកកំណើតធ្វើបុណ្យទៅតាមប្រពៃណី ៕