សាលាដ៍​ជា​បន្លែ​ស្លឹក​ដែល​មិន​រើស​រដូវ​នៃ​ការ​ដាំ​ដុះ​ទេ ហើយជា​រុក្ខជាតិ​សម្បូរ​ដោយ​កាល់ស្យូម ដែក វីតាមីន​សេ វីតាមីន​អា ជាដើម។មាន​ពូជ​ច្រើន​ដែល​កំពុង​ដាំ​ក្នុង​ពេល​បច្ចុប្បន្ន ព្រោះ​សាលាដ៍​អាច​ដាំ​ដុះ​គ្រប់​រដូវ ហើយ​រហ័ស​ប្រមូល​ផល។ គិត​ពី​ថ្ងៃ​បណ្ដុះ​គ្រាប់​ពូជ​ទៅ​ដល់​ប្រមូល​ផល ក្នុង​រយៈពេល ៤០ ទៅ ៤៥​ថ្ងៃ អាច​លក់​បាន​តម្លៃ​ទាប​បំផុត ១​ដុល្លារ​ក្នុង ១​គីឡូក្រាម​ដែរ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

១/. វិធីបណ្តុះកូន

មុន​យក​គ្រាប់​ពូជ​ទៅ​ដាំ ត្រូវ​ដាស់​ដំណេក​វា​ដោយ​ស្រុះ​ទឹក​ក្តៅ​អ៊ុនៗ ហើយ​ចង​ក្រណាត់​ផ្អាប់​ទុក ១២​ម៉ោង ឲ្យ​វា​ដុះ​ពន្លក​បន្តិច ទើប​យក​ទៅ​សាប​លើ​ថ្នាល​បណ្ដុះ​កូន​ក៏​បាន។

+វិធី​មួយ​ទៀត អាច​យក​គ្រាប់​ពូជ​ទៅ​លាង​ជាមួយ​ស្លឹក​ស្ដៅ ដើម្បី​បណ្ដេញ​មេរោគ​លើ​គ្រាប់​ពូជ រួច​ហើយ​ទើប​យក​វា​ទៅ​សាប​ភ្លាម ដោយ​ប្រឡាក់​ជាមួយ​ម្សៅ​កូន​ក្មេង ការពារ​សត្វ​កុំ​ឲ្យ​ស៊ី​គ្រាប់​ពូជ។

២/. ការរៀបចំថ្នាល​បណ្ដុះ​កូន​

ការ​រៀប​ដី​ធ្វើ​ថ្នាល​បណ្ដុះ​សាលាដ៍ ត្រូវ​លាយ​ជីកំប៉ុស​ដែល​ពុក​ផុយ​ចំនួន ២​គីឡូក្រាម​ក្នុង​ដី ១​ម៉ែត្រ​ការ៉េ។ ក្រោយ​សាប​គ្រាប់​ពូជ​រួច ត្រូវ​យក​ចំបើង​ចិញ្ច្រាំ​ឲ្យ​ល្អិត​ទៅ​គ្រប​ពី​លើ ហើយ​ស្រោច​ទឹក ១​ថ្ងៃ ២​ដង។ ១​អាទិត្យ​ក្រោយ​ពី​សាប​គ្រាប់​ពូជ ត្រូវ​ស្រោច​ជីកំប៉ុស​ទឹក​បន្ថែម ដើម្បី​បង្កើន​ការ​លូតលាស់​ឲ្យ​ដើម​របស់​កូន​សាលាដ៍​វា​រឹងមាំ និង​ចាក់​ឫស​ជ្រៅ។

៣/. ការរៀបចំរងសម្រាប់ដាំ

រង​ដាំ​សាលាដ៍ ត្រូវ​នៅ​កន្លែង​ជិត​ទឹក ភ្ជួរ​ដី​ឲ្យ​បាន​ច្រើន​សា និង​ឲ្យ​បាន​ជម្រៅ ៣​តឹក​ចុះ​ក្រោម ហាល​ដី​ឲ្យ​ស្ងួត ១​អាទិត្យ បំបែក​ដី​ឲ្យ​ម៉ដ្ឋ ទើប​យក​ជី​លាមក​គោ​ពុក​ផុយ​ដាក់​ទ្រាប់​បាត​រង គឺ​លាយ​ដី​ដាំ​សាលាដ៍​ឲ្យ​ជី ២​ភាគ ដី​តែ ១​ភាគ លើក​ក្បាល​រង ១​ម៉ែត្រ បណ្តោយ​តាម​ទំហំ​ដី។ រង​គួរ​លើក​នៅ​រដូវ​ប្រាំង​កម្ពស់​រង ១,៥​តឹក ទៅ ២​តឹក។ រដូវ​វស្សា​លើក​រង​ដាំ​សាលាដ៍​កម្ពស់ ៣ ទៅ ៤​តឹក ការពារ​ទឹក​លិច។

៤/. រយៈពេលដែលត្រូវដកកូនសាលាដ៍យកទៅដាំ

កូន​សាលាដ៍​ដុះ​បាន ១៨​ថ្ងៃ​ទៅ ២០​ថ្ងៃ ត្រូវ​ដក​យក​ទៅ​ដាំ។ កូន​សាលាដ៍ គឺ​ដក​ភ្លាម​យក​ទៅ​ដាំ​ភ្លាម ដោយ​ដក​រើស​យក​តែ​ដើម​ថ្លោស​សម្រាប់​ដាំ។ ពេលវេលា​ដាំ គឺ​រសៀល​ត្រជាក់ ទើប​កូន​សាលាដ៍​ពេល​ដក​ពី​ថ្នាល​មិន​អន់។

៥/. ការថែទាំ

ចំពោះដំណាំសាលាដ៍ មួយ​ថ្ងៃ​ស្រោច​ទឹក​តែ ២​ដង ហើយ​ក្នុង ១​អាទិត្យ​ស្រោច​ជីកំប៉ុស​ទឹក ២​ដង​ដែរ បង្កើន​ការ​លូតលាស់ និង​ធ្វើ​ឲ្យ​ស្លឹក​សាលាដ៍​រឹង​ល្អ​ផង។

៦/. វិធីការពារ

សាលាដ៍​ជា​បន្លែ​ស្លឹក​ដែល​ឆាប់​ចាញ់​ពន្លឺ​ថ្ងៃ ហេតុ​នេះ​នៅ​ពី​លើ​រង​ដាំ​សាលាដ៍ គួរ​យក​សំណាញ់​ពណ៌​បៃតង​បាំង​ការពារ ដើម្បី​បន្ថយ​កម្ដៅ​ថ្ងៃ។ បច្ចុប្បន្ន​អាកាស​ធាតុ​ប្រែប្រួល សត្វ​ល្អិត​បាន​កើត​ឡើង​ប្លែកៗ​យាយី​ដំណាំ។ បើ​សិន​ជា​កសិករ​ដាំ​សាលាដ៍ ឬ​បន្លែ​ដទៃ​ឃើញ​មាន​សត្វ​ល្អិត​មិន​ធ្លាប់​ស្គាល់ កំពុង​យាយី​ដំណាំ ត្រូវ​រហ័ស​រាយការណ៍​ទៅ​មន្ត្រី​កសិកម្ម តែ​ហាម​ប្រាប់​ទៅ​អ្នក​លក់​ថ្នាំ​ពុល ឲ្យ​គេ​ផ្សំ​ថ្នាំ​គីមី​ដែល​មិន​ត្រូវ​នឹង​ជំងឺ ហើយ​ចំណាយ​លុយ​ទិញ​ថ្នាំ​គីមី​នោះ​ថ្លៃ អាច​ថ្នាំ​គ្មាន​ប្រសិទ្ធភាព​លើ​ជំងឺ និង​សត្វ​ចង្រៃ៕