ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ករណីរូតកាបូបពលរដ្ឋក្នុងកន្លែងពិព័រណ៌ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រះអង្គចេក ព្រះអង្គចម ក្រុងសៀមរាប ។
ជនសង្ស័យឈ្មោះ គង់ ស្រីយ៉ាង ភេទស្រី អាយុ៣០ឆ្នាំ ទីលំនៅភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានជិះរថយន្តក្រុង ពីរាជធានីភ្នំពេញ មកក្រុងសៀមរាប ក្នុងបំណងទៅធ្វើសកម្មភាពលូកហោរប៉ៅប្រជាពលរដ្ឋ នៅកន្លែងរៀបចំពិធីបុណ្យអុំទូកតាមដងស្ទឹងសៀមរាប។ ជនសង្ស័យបានធ្វើសកម្មភាពរូតកាបូបស្ពាយរបស់ស្ត្រីម្នាក់ តែមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចឃើញទាន់ ក៏ធ្វើការឃាត់ខ្លួន យកមកសួរនាំ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕