រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិក លោក ផាទ្រីក មូហ្វី បានអញ្ជើញទៅជួបសួរសុខទុក្ខលោក កឹម សុខា នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក វេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ចូលជួបសួរសុខទុក្ខនៅព្រឹកមិញនេះដែរ ផងដែរ។

លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចតុលាការពីបទក្បត់ជាតិកាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលមួយឆ្នាំ។ លុះដល់ខែកញ្ញា ឆ្នាំ២០១៨ រូបលោកត្រូវបានផ្ទេរពីពន្ធនាគារត្រពាំងផ្លុង មកឱ្យស្នាក់នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនអាចធ្វើដំណើរចេញពីក្នុងផ្ទះបាននោះឡើយ ហើយនៅថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញនេះ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរនៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា។ តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ៕