រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកព្រូសដឹកសាកសពបងប្រុស ដែលជាជនជាតិចិនដូចគ្នា មកទុកនៅសាលតម្កល់សពក្នុងវត្តស្ទឹងមានជ័យ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើការពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវត្តស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ ។

សាកសពជនរងគ្រោះឈ្មោះ HU GENHAE ភេទប្រុស កើតឆ្នាំ១៩៧៥ ស្នាក់នៅផ្ទះតាមបណ្តោយផ្លូវ២០០៤ ក្នុងខណ្ឌសែនសុខ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង២និង៣០ នាទីយប់ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះបានកើតមានអាការៈឈឺក្បាលខ្លាំង ជំងឺធ្វើទុក្ខឡើង ពិបាកទ្រាំក៏បានតេទូរសព្ទហៅប្អូនប្រុសដែលជាជនជាតិចិនដូចគ្នា មកទទួលពីផ្ទះនៅចំណុចផ្លូវ២០០៤ ដើម្បីយកទៅមន្ទីរពេទ្យរុស្ស៊ី លុះដល់មន្ទីរពេទ្យហើយនោះត្រូវបានក្រុមគ្រូពេទ្យពិនិត្យទើបដឹងថា ស្លាប់បាត់ទៅហើយ ។ ក្នុងនោះដោយសារតែមិនដឹងថាត្រូវយកសាកសពបងប្រុសទៅទុកនៅទីណា ទើបប្អូនប្រុសដែលជាជនជាតិចិនរូបនោះបានដឹកសពបងប្រុសតាមរយៈរថយន្តព្រូស មកទុកនៅសាលតម្កល់សពនៅក្នុងវត្តស្ទឹងមានជ័យ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ ដោយបានបញ្ជាក់ថា សាកសពជនរងគ្រោះគឺបានស្លាប់ដោយសារតែជំងឺទឹកនោមផ្អែម ខ្លាញ់រុំបេះដូង និងលើសឈាម ។
សាកសពខាងលើ កំពុងតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំដឹកយកទៅកាន់ប្រទេសដើមកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕