រាជធានីភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញឆន្ទៈរបស់ខ្លួន ចង់ទៅជួបជជែកជាមួយលោក កឹម សុខា ពីការយកអាសនៈឃុំសង្កាត់មកវិញ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា អ្វីដែលលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវធ្វើ គឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួន ដែលកំណត់ដោយចៅក្រមស៊ើបសួរ បើពុំនោះទេចៅក្រមស៊ើបសួរ អាចសម្រេចឃុំខ្លួនបានឡើវិញបាន ដោយយោងតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ «អ្វីដែលលោកកឹម សុខា ត្រូវធ្វើគឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួនដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរអាចសម្រេចឃុំខ្លួនបាន យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ហេតុនេះ ទាំងលោក កឹម សុខា និងអ្នកដទៃ ត្រូវយល់អំពីបញ្ហានេះ និងចៀសវាងសកម្មភាពណា ដែលប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ និងកាតព្វកិច្ចដែលត្រូវអនុវត្ត»។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានពិសេសមួយថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម ៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។

ក្រោយពេលឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ បានចេញដីកាមួយសម្រេចដោះលែងលោក ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ជាមួយនឹងការហាមឃាត់សិទ្ធិមួយចំនួនដូចជា មិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គលឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម៕