រាជ​អា​នី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទើបនឹង​ចេញពី​ធ្វើការ​ពេល​យប់ លុះ​ត្រឡប់​ទៅ​ដល់​មុខ​ផ្ទះ ក៏​ទូរស័ព្ទ​ហៅ​បងប្អូន​ឱ្យ​បើកទ្វារ​ឱ្យ ស្រាប់តែ​លេខ​មុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ រួច​ក៏​ធ្វើ​សកម្មភាព​វាយ​នាង​ចំនួន​៥​ដៃ​ចំ​ផ្ទៃមុខ បណ្តាល​ឱ្យ​បាក់​ខ្ទង់ច្រមុះ រង​របួស រួច​ក៏​ប្លន់​យក​ទូរស័ព្ទ​ទំនើប​ជិះ​គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០១៩ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១២២ កែង​ផ្លូវ​២១៥ នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​ដេ​អិន ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

តាម​សម្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឡា លី​ន អាយុ​៣៦​ឆ្នាំ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ គាត់​ទើបតែ​ចេញ​មក​ពី​ធ្វើការ​នៅ​ឯ​ម្តុំ​ដេ​អិន រួច​ក៏​ដើរមក​ដល់​មុខ​ផ្ទះ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ គាត់​ក៏​ដក​ទូរស័ព្ទ​ខ​ល ហៅ​បងប្អូន​ដើម្បី​អោយ​បើកទ្វារ​ឲ្យ ស្រាប់តែ​បន្តិច​ក្រោយមក ខណៈ​ដែល​អ្នក​ផ្ទះ​មិន​ទាន់​ចេញ​មក​បើកទ្វារ​ឱ្យ​ផង ក៏​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ជិត​គាត់​រួច​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ទូរស័ព្ទ​ដៃ ដោយ​ដាល់​គាត់​ចំនួន​៥​ដៃ​ចំ​កណ្តាល​មុខ បណ្តាល​ឱ្យ​រង​របួស​បាក់​ខ្ទ​ង​ច្រមុះ ។

ភ្លាម​ៗ​នោះ គាត់​បាន​ស្រែក​ឱ្យ​គេ​ជួយ​ដែរ ប៉ុន្តែ​ដោយសារ​នៅ​ម្តុំ​ទីតាំង​កើតហេតុ​ខាងលើ​នោះ មាន​សភាព​ស្ងាត់ ទើប​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច រត់គេច​ដោយ​សុវត្ថិភាព ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣ ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕