រាជធានីភ្នំពេញ ៖ ក្រោយពីនាងកញ្ញា ចរិយា ជាតារាសម្តែងនិងចម្រៀង ធ្វើបទសម្ភាសន៍លោកហេង ឡុង ជុំវិញទំនាក់ទំនងស្នេហារបស់នាង ជាមួយលោកផែ សុវណ្ណារិទ្ធ ជាសង្សាររបស់នាងរាប់ឆ្នាំមកហើយ បែរជាក្បត់ចិត្តនាងទៅរៀបការជាមួយនាងធី សុវណ្ណថា បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលលោកផែ សុវណ្ណារិទ្ធ បានបដិសេធ។

ក្រោយពីរឿងរ៉ាវនេះបានផ្ទុះឡើង ធ្វើឲ្យនាងធី សុវណ្ណថា ជាប្រពន្ធពេញច្បាប់លោកផែ សុវណ្ណារិទ្ធ ទើបរៀបការហើយបានប៉ុន្មានថ្ងៃនេះ បានកើតទុក្ខមិនសុខចិត្ត ដោយទាមទារឲ្យលោកហេង ឡុង និងកញ្ញាចរិយា ធ្វើការបកស្រាយរឿងនេះ ឲ្យច្បាស់ ពុំនោះទេ នាង(ធី សុវណ្ណថា ) និងនាំប៉ូលិសរកលោកហេង ឡុង និងកញ្ញាចរិយា ដល់ផ្ទះជាមិនខាន ព្រមទាំងមានមេធាវីរបស់នាងក្នុងការដាក់ពាក្យបណ្តឹងទៀតផង។

តែយ៉ាងណា នៅល្ងាចម្សិលមិញ ភាគីទាំង២ (ប្តីប្រពន្ធធី សុវណ្ណថា និងលោកហេង ឡុង ជាមួយកញ្ញាចរិយា) បានព្រមព្រៀងគ្នាសម្រេចធ្វើសន្និសីទកាសែត តទល់គ្នានៅល្ងាចនេះ ដើម្បីឲ្យដឹងសខ្មៅ។
លោកហេង ឡុង បានបង្ហោះសារ កាលពី១៥ម៉ោងមុនថា « ខ្ញុំឯកភាព តាមការស្នើរបស់ប្អូនស្រី ធី សុវណ្ណថា ធ្វើសន្និសីទកាសែតរួមគ្នា សួរដេញដោលទល់មុខគ្នា។ តែខ្ញុំសុំការយោគយល់ពីប្អូនស្រី ថ្ងៃនេះ ខ្ញុំរៀបចំមិនទាន់ទេ ខ្ញុំស្នើធ្វើសន្និសីទនៅថ្ងៃស្អែក ទី៦ វិច្ឆិកា វេលាម៉ោង៦ល្ងាច នៅសមាគមសិល្បករខ្មែរ ផ្លូវ៦០៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លេខទូរស័ព្ទៈ 017 990 332»។

ចំណែក នាងធី សុវណ្ណថា បានបង្ហោះសារនៅលើហ្វេសប៊ុក កាលពី១៣ម៉ោងមុនថា « ខ្ញុំយល់ព្រម ទទួលសំណើរលោកហេង ឡុង ទទួលធ្វើសន្និសីទការសែតរួមគ្នា នៅថ្ងៃស្អែក ខ្ញុំ ប្តីខ្ញុំ និងក្រុមមេធាវីខ្ញុំ ត្រៀមរួចរាល់អស់ហើយ ខ្ញុំបានអញ្ជើញប៉ូលិស និងត្រៀមពាក្យបណ្តឹង និងរៀបចំភស្តុតាងគ្រប់គ្រាន់អស់ហើយ… សូមនាងចរិយា ផ្តាំលាគ្រួសារ ឲ្យហើយទៅ ស្រីអាក្រក់ ចង់បំបែកបំបាក់គ្រួសារគេ»។

ដូច្នោះ រឿងរ៉ាវដ៏រសើបនេះ នឹងដឹងសខ្មៅនៅល្ងាចនេះ ជាមិនខាន តើអ្នកណាចោទប្រកាន់អ្នកណា និងអ្នកណាជាមាសសុទ្ធ។ នៅពេលនោះ «KBN» នឹងផ្សាយព័ត៌មានជូនប្រិយមិត្តបន្តទៀត៕