ក្រុង​កោះ​រ៉ុ​ង​, ខេត្ត​ព្រះ​សីហ​នុ ៖ ទីបំផុត​ទៅ នារី​ជនជាតិ​អង់គ្លេស​វ័យ ២២​ឆ្នាំ ដែល​បាន​បាត់​ខ្លូ​ន​នៅ​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ អស់​រយៈពេល​៧​ថ្ងៃ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​សព​របស់​នាង នា​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​អណ្ដែត​រហូត​ទៅ​ដល់​ខេត្តកោះកុង ជាប់​ព្រំ​ដែនទឹក​ប្រទេស​ថៃ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៨០​គីឡូម៉ែត្រ ពី​កោះ​រ៉ុ​ង ។​

​បើ​តាម​លោក​ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរ​មុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ បាន​ថ្លែងប្រាប់​សារព័ត៌មាន​អោយ​ដឹង​ថា សព​នារី​ជនជាតិ​អង់គ្លេស ត្រូវ​បាន​រក​ឃើញ​នៅ​ម្ដុំ​កោះ​ឆ្លាម ក្នុង​ខេត្តកោះកុង ។ សាកសព​កញ្ញា Amelia Bambridge ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​លើ​ផ្ទៃសមុទ្រ​ប្រហែល​៨០​គីឡូម៉ែត្រ​ពី​កោះ​រ៉ុ​ង ដែល​ជា​កន្លែង​ដែល​នាង​បាន​បាត់​ខ្លួន ។ ផ្អែក​លើ​អត្តសញ្ញាណ​ដែល​ផ្តល់​ឱ្យ​យើង រូបសាក់​លើ​ដងខ្លួន និង​សម្លៀក​បំពាក់​នាង ដែល​គេ​បានឃើញ​ចុង​ក្រោយ យើង​ជឿជាក់​ថា គឺជា​សាកសព​នាង​ប្រាកដ​មែន ។ ហើយ​នៅ​ពេល​នេះ កម្លាំង​របស់​លោក​កំពុង​តែ​នាំ​សព​របស់​នាង​មក​លើគោក ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែម​ទៀត ។​

​ដូច​គ្នា​នឹង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ឧកញ៉ា​ទៀ វិចិត្រ ដែល​លោក​ជា​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ស្វែងរក​ដែល​នោះ បាន​បង្ហោះ​នៅ​មុន​នេះ មាន​ខ្លឹមសារ​ថា «​រក​ឃើញ​ហើយ​! ទីបញ្ជាការ​ជួរ​មុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ សហការ​ជាមួយនឹង​ក្រុមហ៊ុន ជី​ធី​វី​ស៊ី ស្ពី​ត​ប៊ូ​ត កម្ពុជា បាន​ស្វែងរក​ស្ដ្រី​ជនជាតិ​អង់គ្លេស​ដែល​មានឈ្មោះ Amelia Bambridge អស់​រយៈពេល​៧​ថ្ងៃ មក​ដល់​ថ្ងៃ​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ជួប​ប្រទះ​ឃើញ​សាកសព​ស្ដ្រី​រង​គ្រោះ​អណ្ដែត​នៅ​លើ​ផ្ទៃសមុទ្រ​នៅ​ចំណុច (​ខន ដរ​) ក្បែរ​ព្រំដែន​សមុទ្រ​កម្ពុជា​-​ថៃ N10°47.691–E102°26.645 ។​

តាម​រយៈ​ខម​មិន​(Commment)​ជា​ច្រើន​នាក់​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​សព នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​លោក​ឧកញ៉ា​ទៀ វិចិត្រ ហើយក៏​មាន​ខ្លះ​មាន​ច​ម្ង​ល់​ថា ហេតុ​អី​សព​នារី​អង់គ្លេស​អណ្តែត​បាន​ឆ្ងាយ​ម្ល៉េះ ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​កោះ​រ៉ុ​ង ? ខណៈ​ពេល​ដែល​បាត់​ខ្លួន​ត្រឹម​៧​ថ្ងៃ (​ដោយ​ពួក​គេ​ថែម​ទាំង​បញ្ជាក់​ចម្ងាយ​ក្នុង​រូបភាព ពី​ផែនទី​Google Map) ថែម​ទៀត​ផង ។​

​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​បញ្ចេញមតិ​ថា «៧​ថ្ងៃ អណ្តែត​រាប់រយ​គីឡូ ?​ សង្ស័យ​គេ​សម្លាប់​ហើយ​យក​ទៅ​បោះចោល​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​» ។ ចំណែក​លោ​ក និច ម៉ាច ៖ ខ្ញុំ​ឆ្ងល់​តិច ? ថា​ជនជាតិ​ភាគច្រើន​ចូល​មុជទឹក គឺ​ស្លៀកពាក់​ប៊ី​គី​នី ស្ទើ​តែ​99% ចុះ​ហេតុ​អី គាត់​បែរជា​ស្លៀក​អាវយឺត​ទៅ​វិញ ?

យ៉ាងណា ច​ម្ង​ល់​ទាំងនេះ​ អ្នក​យក​ព័​ត៍​មាន​យើង​នៅ​មិន​ទាន់​ទទួល​បាន​របាយច្បាស់​ការណ៍​ណាមួយ​ពី​សមត្ថកិច្ច​ជំនាញ ស្តី​ពី​ការ​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ដោយ​រង់ចាំ​ការ​ធ្វើ​កោសល្យវិច័យ​សិន ព្រោះ​នៅ​ពេល​នេះ​សាកសព​នារី​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​ដឹក​ជញ្ជូន​នាំ​មក​កាន់​កំពង់​ផែ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ការងារ​បន្ត​តាម​និ​តិ​វិធី ៕

សូមរម្លឹកថា ស្គាល់​សាកសព​អណ្ដែត ផ្អែក​លើ​ស្នាម​សាក់ និង​សម្លៀក​បំពាក់​ចុង​ក្រោយ​នាង