ក្រុង​កោះ​រ៉ុ​ង​, ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ នារី​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​បាន​បាត់​ខ្លូ​ន កាលពី​១​ស​ប្តា​ហ៍​មុន​នេះ​នៅ​លើ​កោះ​រ៉ុ​ង ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​សព​របស់​នាង​ហើយ ដោយ​អណ្ដែត​រហូត​ទៅ​ដល់​ខេត្តកោះកុង ជាប់​ព្រំ​ដែនទឹក​ប្រទេស​ថៃ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៨០​គីឡូម៉ែត្រ ពី​កោះ​រ៉ុ​ង ។​

​បើ​តាម​លោក​ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរ​មុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ បាន​ថ្លែងប្រាប់​សារ​ព័ត៌មាន​អោយដឹង​ថា សព​នារី​ជនជាតិ​អង់គ្លេស ត្រូវ​បាន​រក​ឃើញ​នៅ​ម្ដុំ​កោះ​ឆ្លាម ក្នុង​ខេត្តកោះកុង ។​

​លោក​ឧត្តមសេនីយ៍ឯក ទៀ សុខា មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​ប្រធាន​ផ្នែក​ល្បាត​សមុទ្រ បាន​និយាយ​បន្ត​ថា សាកសព​កញ្ញា Amelia Bambridge ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​លើ​ផ្ទៃសមុទ្រ​ប្រហែល ៨០ គីឡូម៉ែត្រ​ពី​កោះ​រ៉ុ​ង ដែល​ជា​កន្លែង​ដែល​នាង​បាន​បាត់​ខ្លួន ។ ហើយ​នៅ​ពេល​នេះ កម្លាំង​របស់​លោក​កំពុង​តែ​នាំ​សព​របស់​នាង​មក​លើគោក ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែម​ទៀត ។

លោក​បន្ថែម​ថា ផ្អែក​លើ​អត្តសញ្ញាណ​ដែល​ផ្តល់​ឱ្យ​យើង រូបសាក់​លើ​ដងខ្លួន និង​សម្លៀក​បំពាក់​នាង ដែល​គេ​បានឃើញ​ចុង​ក្រោយ យើង​ជឿជាក់​ថា គឺជា​សាកសព​នាង​ប្រាកដ​មែន ។​

​សូម​ជម្រាប​ថា បើ​តាម​រូបភាព​នៃ​សាកសព គឺ​មាន​រូបសាក់​នៅ​កំភួនដៃ​ស្តាំ ដូច​គ្នា​នឹង​ពាក្យសម្តី​របស់​ប្អូនស្រី​Amelia ឈ្មោះ Georgie Bambridge បាន​ថ្លែងប្រាប់​សារព័ត៌មាន BBC ថា បងស្រី​របស់​នាង គឺ​មាន​ស្នាម​សាក់​រូប​សត្វ​គោ នៅ​កំភួនដៃ និង​មាន​ស្នាម​សាក់​រូប​សត្វ​ឆ្មា នៅ​លើ​ជើង ។​

​ទោះជា​យ៉ាងណា នៅ​ពេល​នេះ​សាកសព​នារី​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​ដឹក​ជញ្ជូន​នាំ​មក​កាន់​កំពង់​ផែ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ការងារ​បន្ត​តាម​និ​តិ​វិធី ។​

​អ្នក​យក​ព័​ត៍​មាន​យើង​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ណាមួយ​ពី​សមត្ថកិច្ច​ជំនាញ អំពី​ការ​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ​ថា បណ្តាល​មក​ពី​ហេតុ​អ្វី​នៅឡើយ​ទេ ដោយ​រង់ចាំ​ការ​ធ្វើ​កោសល្យវិច័យ​សិន ៕

សូមបញ្ជាក់ថា ព័ត៌មានយ៉ាងណានោះ យើងនឹងផ្សាយជូនបន្តបន្ទាប់…