រាជធានីភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែខឹងចិត្តជាមួយស្រ្តីជាប្រពន្ធសង់ផ្ទះអស់ប្រាក់ចំនួន៣ម៉ឺនដុល្លារ ស្រាប់តែជិះម៉ូតូទិញប្រេងសាំងមកចាក់ស្រោចលើខ្លួន ហើយយកដែកកេះដុតឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្អាក់ផ្អើល នៅវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។


ជនរងគ្រោះដែលគិតខ្លីចាក់សាំងដុតសម្លាប់ខ្លួននេះ មានឈ្មោះ ប៉ក់ ម៉ុន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-2381 មកឈប់នៅកន្លែងកើត រួចយកចាក់សាំងដុតសម្លាប់ខ្លួនឯង តែត្រូវប្រជាពលរដ្ឋជួយសង្គ្រោះ ទាន់ពេល ទើបមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ធ្ងរ ហើយពលរដ្ឋជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីឲ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះ។


ព័ត៌មានលម្អិតយ៉ាងណានោះ «KBN» នឹងផ្សាយជូនពេលក្រោយទៀត៕