ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសអាយុ១៧ខែ ទើបតែចេះដើរតេះតះ ឪពុកម្តាយចេញទៅធ្វើស្រែ ទុកឲ្យយាយមើល បានដើរទៅធ្លាក់ទឹកស្រះមុខផ្ទះបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះ ក្នុងភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ។

កុមារាដែលលង់ទឹកស្លាប់នោះ ឈ្មោះ សឹង វ៉ាត់ អាយុ១៧ខែ ឪពុកឈ្មោះភា វ៉ាន់ អាយុ៣៦ឆ្នាំ ម្ដាយឈ្មោះ ធឿន សុធេន អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុនោះ ឪពុកម្តាយក្មេងប្រុសនោះ បានចេញពីផ្ទះទៅធ្វើស្រែ ហើយទុកកូនឲ្យជីដូនមើល ។ ខណៈជីដូនដើរទៅមុខផ្ទះដាក់បាយជ្រូក ក្មេងប្រុសរងគ្រោះនៅក្រោយផ្ទះ ដើរធ្លាក់ទឹកស្រះ លង់ស្លាប់តែម្តង។

ពេលយាយមកពីដាក់បាយជ្រូក ដើររកជុំវិញផ្ទះ មិនឃើញចៅ ក៍សង្ស័យចុះរាវក្នុងស្រះ ស្រាប់តែប្រទះឃើញចៅស្លាប់បាត់ទៅហើយ។ ពេលដែល ឪពុកម្តាយមកពីធ្វើស្រែវិញ បានត្រឹមតែអង្គុយមើលមុខសពកូន និងស្រែកយំស្ទើរគាំងបេះដូងស្លាប់ ហើយបានរៀបចំធ្វើបុណ្យតាមប្រពៃណី។