រាជធានីភ្នំពេញ ៖ រថយន្តសាំងយ៉ុងមួយគ្រឿងបើកបោះពួយយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូឌ្រីមសង់ កំពុងជិះឆ្លងផ្លូវចូលបន្ទាយទាហានជើងទឹក អូសប្រហែលជាង២០ម៉ែត្រ បណ្ដាលឲ្យមន្រ្តីកងទ័ពជើងទឹក ពាក់ស័ក្កិ៤កន្លះម្នាក់បានស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀតដែលអ្នករួមដំណើររងរបួសធ្ងន់។

ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃសុក្រ ទ១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចច្រកចូលបន្ទាយទាហានជើងទឹក ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សពជនរងគ្រោះមានឈ្មោះ ឈឹម ស៊ីណាត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្តីកងទ័ពជើងទឹក ពាក់ស័ក្កិ៤កន្លះ មានស្រុកកំណើត ស្រុកលង្វែក ខេត្តកំពុងឆ្នាំងស្នាក់នៅបន្ទាយទាហានជើងទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះ ខាត់ សៀវហៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីស្នួលបើករថយន្តឲ្យគេ មានស្រុកកំណើត នៅភូមិចារ ស្រុកចិត្របុរី ខេត្តក្រចេះ។

មុនពេលកើតហេតុ គេឃើញរថយន្តសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2S.5664 ដឹកអីវ៉ាន់ពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ខាងលើគាប់ជួនមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងផង បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GD 6729 ជិះបុរសរងគ្រោះ ឌុបស្ត្រីម្នាក់កំពុងបត់ឆ្លងផ្លូវចូលបន្ទាយទាហានជើងទឹក ពេញទំហឹង ហើយអូសម៉ូតូ និងបុរសរងគ្រោះជាប់នៅមុខរថយន្តជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈស្ត្រីដែលជាអ្នករួមដំណើររងរបួសធ្ងន់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ ឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក និងបានទាក់ទងទៅជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង រួចយករថយន្តបង្ក និងម៉ូតូរងគ្រោះ ព្រមទាំងអ្នកបើកបរទៅការិយាល័យចរាចរណ៏ផ្លូវគោក ស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕