ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យឆ្លាតដែរ បានលួចម៉ូតូរបស់ប្រជាពលរដ្ឋបាន មិនហ៊ានជិះទេ គឺយកមកលាក់ទុកក្នុងផ្ទះ នៅតែសមត្ថកិច្ចនគបាលស្រុកទឹកផុស តាមរកឃើញ និងចាប់យកទៅញាត់គុកទាល់តែបានឃាត់ខ្លួនបាន។
ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង ១៩ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅភូមិក្រាំងម៉រ ឃុំតាំងក្រសាំង ស្រុកទឹកផុស ។


ជនសង្ស័យឆ្លាតដែរ តែគេចមិនផុតពីគុកនេះ ឈ្មោះ ហេង ហួត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ អ៊ូ ណាន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងម៉រ ជាមួយគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ម៉ូតូបានយកម៉ូតូរបស់ខ្លួនម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H 8576 ទុកនៅក្នុងផ្ទះរបស់ខ្លួនពីក្បាលល្ងាច។ លុះដល់ម៉ោងប្រមាណម៉ោង៧យប់ ស្រាប់តែបាត់ម៉ូតូ មិនឃើញនៅក្នុងផ្ទះ ក៍ផ្អើលឆោឡោ និងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
ក្រោយពីស្រាវជ្រាវ សមត្ថកិច្ចបានកំណត់មុខសញ្ញាបាន រហូតដល់ម៉ោងប្រមាណជាង១១យប់ ទើបឃាត់ខ្លួនជនសង្ស័យដែលបានលួចម៉ូតូនោះយកទៅលាក់ទុកក្នុងផ្ទះរបស់ខ្លួន ។


ជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕