ខេត្តកណ្តាល៖ បុរសម្នាក់បានផឹកស៊ីជាមួយបនភឿនឡើងស្រវឹងដាប ហើយបានមករករឿងបង្កជម្លោះជាមួយប្អូនស្រីរបស់ខ្លួន រួចចាប់នាងវាយបោចសក់ លុះប្តីនារីរងគ្រោះចូលឃាត់ ស្រាប់តែត្រូវជនបង្ក កាន់តែផ្ទុះកំហឹង បានទាញគល់ឫស្សីវាយប្តីរបស់នារីរងគ្រោះជាប្អូនថ្លៃថែមទៀត។
ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ។


ជនប្រមឹកដែលរករឿងប្អូនឯងនេះ មានឈ្មោះស៊ន ថន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ នៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ។ ដកហូត ដំបងឫស្សី១កំណាត់ មានប្រវែង១១២សង់ទីម៉ែត (របស់ជនសង្ស័យ)។ ចំណែក ជនរងគ្រោះ ឈ្មោះហេង សុខ ភេទ ប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ មុខរបរជាងថតរូប។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ពេលត្រឡប់ពីដើរថតរូបគេវិញ មកដល់បាន ឃើញឈ្មោះស៊ន ថន (ត្រូវជាបងថ្លៃ )បានផឹកស៊ីមិនដឹងជាស្រវឹងស្រាមកពីកន្លែងណាទេ បានមកបង្ករឿងដល់ប្រពន្ធរបស់ជនរងគ្រោះ ហើយបានវាយចាប់បោចសក់ប្រពន្ធជនរងគ្រោះឈ្មោះ ស៊ន នា (ប្អូនជនបង្ក) ។ ពេលឃើញដូចនេះ ជនរងគ្រោះរងគ្រោះជាប្តី និងបងប្អូនផ្សេងទៀត បានចូលជួយឃាត់ចាប់ជនដៃដល់ចេញ តែមិនព្រមស្តាប់ និងមិនព្រមបញ្ឈប់សកម្មភាពទេ ក៏បានទាញដំបងឫស្សីមកវាយជនរងគ្រោះ។


ក្រោយកើតហេតុ ជនរងគ្រោះ ក៏រត់គេចចេញ ហើយមកប្ដឹងនគរបាលប៉ុស្ដិ៍សំពៅពូន។ ភ្លាមនោះ កម្លាំងនគរបាលប៉ុស្ដិ៍បានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕