ខេត្តព្រះវិហារ ៖ ក្រោយពីត្រូវបានព្រានព្រៃ ប្រើកាំភ្លើងកែច្នៃបាញ់ឲ្យរងរបួសធ្ងន់ សត្វប្រើសឈ្មោលមួយក្បាលទម្ងន់ប្រមាណ២០០គីឡូក្រាម ត្រូវបានរត់មកងាប់នៅក្នុងព្រៃក្បែរផ្ទះអ្នកភូមិ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបុស្សធំ (ក្បែរដែនជម្រកសត្វព្រៃព្រះរកា) ឃុំប្រមេរ ស្រុកត្បែងមានជ័យ ។


ការងាប់សត្វប្រើសឈ្មោលមួយក្បាលនេះ បានធ្វើឱ្យសត្វប្រើសមួយក្បាលៗទម្ងន់ប្រមាណ២០០គីឡូក្រាមនេះ ងាប់អស់ចំនួន៣ក្បាលហើយ ក្នុងរយៈពេល២ខែកន្លងមកនេះនៅក្នុងខេត្តព្រះវិហារ ក្នុងនោះ ១ ក្បាលស្លាប់ដោយរថយន្តបុក និង២ក្បាលស្លាប់ដោយការបាញ់សម្លាប់របស់ព្រានព្រៃ។


ករណីនេះ កម្លាំងមានសមត្ថកិច្ចគួរតែពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរឹងប្រឆាំងនឹងជនចំនួនដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលនៅតែបន្តលួចលាក់កាន់កាប់អាវុធកែច្នៃខុសច្បាប់ និងបានលួចចូលព្រៃបរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វដែលជាទង្វើខុសច្បាប់៕