ចាំបាច់ណាស់មុនពេលដំណាក់កាលធូរេនចេញផ្កា ត្រូវឱ្យដើមវាមានសុខភាពល្អពណ៌បៃតង ចាស់ភ្លឺរលោង ។ ការពារមិនឱ្យមានការបំផ្លាញពីសត្វល្អិតចង្រៃ និងជំងឺ ជាពិសេសពពួកជំងឺរលួយឫស ។
១/. ការតាក់តែងផ្កា ៖
– ការតាក់តែងផ្កាមានសារប្រយោជន៍ណាស់ ទោះបីជាអ្នកដាំមិនសូវនិយមក៏ដោយ ។ នៅពេលដែលទុរេនចេញផ្កា គួរកាត់ផ្ការំលួសចោលខ្លះ ។
– កាត់ផ្កាដែលមានច្រើន នៅលើមែកតូចៗ និងមិនមានសុខភាពល្អ ។
– ការទុកផ្កាច្រើនពេក អាចធ្វើឱ្យក្តិប វាមានភាពទន់ខ្សោយ មិនរឹងមាំ និងមិនកាន់ផ្លែបានល្អទៀតផង ។
– ប្រហែល៥សប្តាហ៍ ក្រោយពេលផ្ការីកស្រុះ ប្រសិនបើមានដង់ស៊ីតេផ្កាច្រើនជាង៦ទង ក្នុងប្រវែង១ម៉ែត្រ នៃមែកទុរេន ឬអាយុផ្ការបស់វាមានការខុសគ្នា ច្រើននៅលើមែកតែមួយ ចាំបាច់ត្រូវការកាត់រំលួសផ្កាទុរេនចេញខ្លះ ។ ចំនួនដង់ស៊ីតេ ផ្កាដែលសមស្រប គឺពី៣-៦ផ្កា ក្នុងប្រវែងមែក១ម៉ែត្រ និងទុកចន្លោះពីផ្កាមួយទៅផ្កាមួយប្រវែង៣០សង់ទីម៉ែត្រ ។
២/. ការតាក់តែងផ្លែ ៖
– ការតាក់តែងផ្លែ គឺជាការគ្រប់គ្រងផ្លែឱ្យសមស្របទៅនឹងទំហំ និងសុខភាពដើម ដែលអាចចិញ្ចឹមផ្លែបានល្អ ។
– ការជម្រុះ ឬកាត់រំលោះក្តិបទុរេន គឺជាបច្ចេកទេសសំខាន់មួយ ដែលជួយជំរុញការលូតលាស់ផ្លែរបស់វា ធ្វើឱ្យមានរូបរាង និងគុណភាពល្អ ។
– ការជម្រុះក្លឹបផ្លែ គួរធ្វើវានៅពេលចេញពន្លកក្លឹបបាន៤-៥សប្តាហ៍ ។ ផ្លែតូច ទម្រង់មិនល្អ ផ្លែមានទីតាំងមិនល្អ ដូចជានៅលើមែកតូច ឬមានអាយុកាលខុសគ្នាច្រើន ត្រូវយកចេញ ។
– ការជម្រុះលើកទី១ ត្រូវឱ្យនៅសល់ផ្លែចំនួន២-៣ច្រើនជាងចំនួនផ្លែដែលត្រូវទុក ។
– ការជម្រុះលើកទី២ គឺត្រូវធ្វើនៅរយៈពេលមួយសប្តាហ៍ បន្ទាប់ពីការជម្រុះលើកទី១ ។ ប្រសិនបើផ្លែមានសុខភាពមិនល្អ ពណ៌ត្នោតក្រម៉ៅជំនួសឱ្យពណ៌បៃតងខ្ចី ឬផ្លែដែលបំផ្លាញដោយសត្វល្អិត និងជំងឺ ត្រូវបេះជម្រុះចេញ ។
– បន្ទាប់ពី៦សប្តាហ៍ នៃការលូតលាស់របស់ផ្លែធូរេន ត្រូវត្រួតពិនិត្យតាមដាន ជារៀងរាល់សប្តាហ៍ រហូតដល់សប្តាហ៍ទី១០ គិតចាប់ពីពេលចេញពន្លកក្តឹបរបស់វា ។ ជាទូទៅ ការជម្រុះផ្លែទុរេន គួរធ្វើពី៤-៥ដង ។
-ការកាត់ផ្លែនេះ គេធ្វើ២លើក បន្ទាប់ពីលើកទី១ នៅពេលផ្កាធូរេនរីកបាន៣០-៣៥ថ្ងៃ និងលើកទី២ នៅពេលតាក់តែងលើកទី១ បាន២០-២៥ថ្ងៃ ។ សម្រាប់ផ្លែធូរេន ដែលត្រូវកាត់ចេញនោះ គឺផ្លែដែលលូតលាស់ និងរូបរាងមិនល្អ មានជំងឺ និងសត្វល្អិតបំផ្លាញ ៕