ខេត្តបន្ទាយមានជ័យ៖ បុរសបីនាក់ជួបជុំគ្នាផឹកស៊ីស្រវឹង បបួលគ្នាចុះហែលទឹកបេះត្រកួន លុះហែលបានបន្តិច អស់កម្លាំងលង់ទឹកបីនាក់ ស្រែកហៅឲ្យគេជួយ ត្រូវទូកនេសាទជួយសង្គ្រោះបាន២នាក់ និងម្នាក់លង់ទឹកស្លាប់ ។


ហេតុការណ៍នេះបានកើតឡើងនៅល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៩ នៅអាងទំនប់អូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។


ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ម៉េង មុំ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។


មុនពេលកើតហេតុ បុរសទាំងបីនាក់បានមកជួបជុំគ្នាអង្គុយផឹកស៊ី នៅលើទំនប់អាងអូរខៃដន ។ លុះផឹកស្រវឹង ក៏បានបបួលគ្នាចុះហែលទឹកទៅបេះត្រកួននៅក្នុងអាង ចំងាយប្រហែល៤០ម៉ែត្រ ស្រាប់តែហែលបានបន្តិច អស់កម្លាំងទៅមុខលែងរួច បុរសទាំងបីនាក់ក៏បានស្រែកហៅឲ្យគេជួយ ហើយត្រូវបានទូកអ្នកនេសាទនៅក្បែរនោះមកជួយបាន២ពីរនាក់ ឯម្នាក់ទៀតត្រូវបានលិចក្នុងទឹកបាត់ ជួយមិនទាន់ ហើយក្រុមអ្នកនេសាទបានជួយចុះរាវរក រហូតដល់ម៉ោងប្រមាណ៩និង២០នាទីយប់ថ្ងៃដដែល ទើបរកសពឃើញ ហើយបញ្ជូនទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕