រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អះអាង​ថា ការ​ចាប់ខ្លួន អ្នកគាំទ្រ​សកម្មភាព​ទណ្ឌិត សម រ​ង្ស៊ី មិនមែន​ជា​ការ​កំរាម​កំហែង​សិទ្ធិ​បញ្ចេញមតិ​នោះ​ទេ គឺជា​ការ​អនុវត្ត​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​កម្ពុជា ។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​មហាសន្និបាត​អាណត្តិ​ទី​២ នៃ​សមាគម​ជាតិ ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​៩ តុលា​នេះ នៅ​សណ្ឋាគារ​ភ្នំពេញ ។

សម្ដេច​ក្រឡាហោម ថ្លែង​បញ្ជាក់​ថា ការ​ចាប់ខ្លួន​អ្នកគាំទ្រ សកម្មភាព ទណ្ឌិត សម រ​ង្ស៊ី នៅ​ក្រៅប្រទេស ដែល​បាន​ធ្វើការ​ប្រមាថ​ព្រះមហាក្សត្រ និង​ប៉ុន​ប៉ុង​ធ្វើ​រដ្ឋប្រហារ តាម​រយៈ​បដិវត្តន៍​ពណ៌ ក្នុង​ការ​ប្រមូល​កំលាំង​មហាជន ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នេះ គឺ​មិនមែន​ជា​ការ​គំរាមកំហែង​លើ​សិទ្ធិ​បញ្ចេញមតិ​នោះ​ទេ ពោល​គឺជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ ដែល បាន​ដើរ​ហួស​បន្ទាត់​ក្រហម ក្នុង​ចេតនា​ធ្វើ​រដ្ឋប្រហារ ទំលាក់​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ ប្រសិនបើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ធ្វើអំពើ​ខុសច្បាប់ ក្នុង​រូបភាព​ក្បត់ជាតិ ដែល​ដើរ​តាម​លោក សម រ​ង្ស៊ី នឹង​ត្រូវ​អនុវត្តន៍​ផែនការ​ចាប់ខ្លួន​ជា​បន្ត​ទៀត ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ ផ្ដន្ទាទោស ទៅ​តាម​ផ្លូវច្បាប់ ខណៈ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​រួច​ហើយ ។

សម្ដេច​ក្រឡាហោម បាន​ថ្លែង​បញ្ជាក់​ទៀត​ថា នា​ពេល​បច្ចុប្បន្ន​នេះ តុលាការ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា នៅ​ទូ​ទាំង​ប្រទេស បាន​ចេញ​ដីការ​ចាប់ខ្លួន និង​ចោទប្រកាន់​អំពី​ពើ​ក្បត់ជាតិ របស់​អតីត​សក​កម្ម​ជន និង​អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​ចាប់ខ្លួន ប្រសិនបើ​ពួក​គេ​ធ្វើអំពើ​ក្បត់ជាតិ ៕