ភ្នំពេញ៖ ករណីយុវតីវ័យ១៧ឆ្នាំ ជិះទូកលេងជាមួយសង្សារ លង់ស្លាប់ក្នុងទឹកស្រះចិញ្ចឹមត្រី ទាំងរកាយអាក្រាត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង ១០នាទីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបឹងកន្លែងដាក់បែលត្រី ក្នុងភូមិតាគរ សង្កាត់ សំរោងកណ្តាល ខណ្ឌព្រែកព្នៅ នោះ ស្រ្តីជាម្តាយជនរងគ្រោះ បានឲ្យដឹងថា កូនស្រីគាត់ បានចេញពីផ្ទះទៅរស់នៅជាមួយសង្សារ រយ:ពេល២ខែមកហើយ ក្រោយពេលកើតហេតុសង្សារបានរត់គេចខ្លួនបាត់។


ស្រ្តីជាម្តាយឈ្មោះ សួន ផល្លី ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលំភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះឈ្មោះ ពេជ្រ លីហេង ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលំ ក្នុងភូមិសង្កាត់ជាមួយគ្នា ។
ចំណែកសង្សារជនរងគ្រោះឈ្មោះ អាពេជ្រ អាយុ២២ឆ្នាំ ស្នាក់នៅកន្លែង និងធ្វើការក្នុងទីតាំងចិញ្ចឹមត្រី កើតហេតុខាងលើ។


ស្រ្តីជាម្តាយឈ្មោះ សួន ផល្លី បានរៀបរាប់ថា កូនស្រីគាត់បានចេញពីផ្ទះ រយ:ពេល២ខែមកហើយ ដោយទៅរស់នៅជាមួយសង្សារឈ្មោះ អាពេជ្រ នោះ។ នៅវេលាម៉ោង ប្រហែល៤ ថ្ងៃកើតហេតុ ស្រាប់តែគាត់បានទទួលដំណឹងពីខាងបងប្អូននៅឯខេត្តព្រៃវែង ទូរស័ព្ទមកប្រាប់ថា កូនស្រីគាត់ បានលង់ទឹកស្លាប់ទាំងអាក្រាតកាយ ហើយសពត្រូវបានដឹកតាមរថយន្តកូរ៉េដឹកត្រី មកដល់មន្ទីរពេទ្យបង្អែកសម្តេចឪ ហើយ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងអ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យទាំងយប់។


ក្រោយសមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យ ក្រុមគ្រួសារបានដឹកយកទៅតម្កល់នៅឯវត្តទួលអស់លោក ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំណែកបុរសជាសង្សារបានរត់គេចខ្លួនបាត់។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់បុរសជាសង្សារ មកធ្វើការសាកសួរ តែមូលហេតុលិចទូកស្លាប់ឬយ៉ាងណានោះ គេមិនទាន់ដឹងនៅឡើយទេ៕