ព្រៃវែង៖ ផ្លូវចេះតែខូចធ្វើមិនចេះជាប់ ដោយសារតែរថយន្តកែច្នៃកាត់តខុសបច្ចេកទេសត្រូវបាន មជ្ឈដ្ឋានទូទៅបានលើកឡើងថា យានដ្ឋានកែច្នៃ កាត់ត និងដំឡើងរថយន្ដខុសបច្ចេកទេស ជាច្រើនកន្លែង នៅក្នុងស្រុកស្វាយអន្ទរ កំពុងតែដំណើរការដោយខុសច្បាប់ ហើយមិនមានអាជ្ញាធរពាក់ពន្ធ័ណាមួយ យកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ឡើយ ដែលជាហេតុបណ្ដាលឲ្យផ្លូវខូចដោយសាររថយន្តកាត់តទាំងអស់នេះដឹកលើសទម្ងន់ខុសបច្ចេកទេស។

មិនតែប៉ុណ្ណោះការចតយានយន្ត បានរំលោភបំពានទៅលើផ្លូវសាធារណៈ បណ្តាលឱ្យការធ្វើដំណើរប្រឈមជួបហានិភ័យគ្រោះថ្នាក់ជាយថាហេតុ។ ប្រភពពីពលរដ្ឋបានប្រាប់ ឱ្យដឹងថា ការកែឆ្នៃតយានយន្តខុសបច្ចេកទេសនេះ មានយូរមកហើយ តែមិនដែលឃើញមានជំនាញពាក់ព័ន្ធចុះមកត្រួតពិនិត្យបង្ក្រាបទប់ស្កាត់នោះឡើយ។មហាជនសង្ស័យថាការធ្វើបានយ៉ាងរលូនមិនមានជំនាញពាក់ព័ន្ធចុះមកទប់ស្កាត់បង្រ្កាបណែនាំ អាចអាថ៌កំបាំងអ្វីមួយលាក់បំពួនពីក្រោយខ្នង សង្ស័យបានលាភសក្ការៈ។

ពាក់ព័ន្ធរឿងខាងលើលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រៃវែងមិនអាចសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី ០៤ ខែតុលាឆ្នាំ ២០១៩ នេះ។មហាជនសង្ឃឹមថាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង លោក អ៊ុន សុធា ចុះអនុវត្តទប់ស្កាត់ កុំឲ្យមានមន្ទិលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងសហការ បើកដៃឲ្យមានការតំឡើងតរថយន្តខុសបច្ចេកទេស ធ្វើឲ្យមានការដឹកជញ្ជូន លើសទម្ងន់បំផ្លាញផ្លូវ ដោយសារការខ្ជីខ្ជារបស់មន្ត្រីជំនាញ៕