ស្ទឹង​ត្រែង ៖ ចាប់តាំងពី​ថ្ងៃ​ម្សិ​ញ​មិ​ញ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង នៅ​ពុំ​ទាន់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ត្រូវជា​ប្តី និង​ជា​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​៧០១ នៅ​ក្រុង​ស្ទឹង​ត្រែង ដែល​ប្រើ​ច្រវា​ទូក វាយ​សម្លាប់​ប្រពន្ធ នៅផ្ទះ​របស់​ខ្លួន នៅឡើយ​ទេ ។

ហេតុការណ៍​វាយ​សម្លាប់​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​កោះ​ខន​ឌិន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។

សព​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ផៃ ណា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កោះ​ខន​ឌិន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង មានកូន​៤​នាក់ ចំណែក​ប្តី​ឈ្មោះ តី ឯក​សូ​គី នៅ​ធ្វើការ​នៅ​អង្គភាព​វរ​ការពារ​ព្រំដែន​៧០១(គេចខ្លួនបាត់) ​។

បើ​តាម​សមត្ថកិច្ច​ជំនាញ​បាន​ដាក់​ការ​សង្ស័យ​ថា សាកសព​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​ឃាតករ​ជា​ប្តី ប្រើ​ច្រវា​ទូក វាយ​ជា​ច្រើន​កន្លែង មាន​ស្នាម​ជាំ​ទ្រុឌ​ចំនួន​ពីរ​កន្លែង នៅ​ចំណុច​ភ្នែក​ខាងឆ្វេង និង​មួយ​កន្លែង​ទៀត​ក្រោម​ចង្កា​ខាងឆ្វេង និង​មាន​ស្នាម​ហើម​ពក​លើ​កញ្ចឹងក បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ បន្ទាប់​ពី​ពិនិត្យ​រួច នគរបាល​ជំនាញ សម្រេច​ប្រគល់​សាកសព ជន​រង​គ្រោះ ជូន​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់ ៕